(ព្រះសីហនុ)៖ ដោយអនុវត្តតាមបទបញ្ជាឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានត្រៀមរួចរាល់ទាំងមធ្យាបាយ និងសម្ភារៈ ដើម្បីចេញអន្តរាគមន៍ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខែ្មរ។

កម្លាំងសមត្ថកិច្ចរបស់ស្នងការនគរបាលខេត្តព្រះសីហនុ បានត្រៀមខ្លួនរួចជាស្រេច រួមទាំងមធ្យោបាយ និងសម្ភារ បម្រើលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរាជាតិ ដែលទៅកម្សាន្តសប្បាយរីករាយនៅក្នុងភូមិសាស្ត្រទូទាំងខេត្ត។

កម្លាំងទាំងអស់បំពាក់ទៅដោយឧបករណ៍ សម្ភារដែលបម្រើឲ្យកិច្ចការពារសន្តិសុខ ក្នុងនោះមានកម្លាំងល្បាតត្រួតពិនិត្យជាប្រចាំ ប្រើប្រាស់កម្លាំងប្រចាំបញ្ជា កម្លាំងការពារគោលដៅទីតាំងសប្បាយភាព វត្តអារាម ទីផ្សារតូចធំ រមណីដ្ឋានផ្សេងៗ និងប្រើប្រាស់កម្លាំងរក្សាសន្តិសុខសម្រួលដោះស្រាយចរាចរណ៍នៅក្នុងភូមិសាស្ត្រខេត្ត៕