(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំរៀបចំកម្មវិធី «សង្ក្រាន្ដវត្តទួល» ដើម្បីឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ មកលេងកម្សាន្ដក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

មុនប្រកាស និងឡើងច្រៀងរាំលេងកម្សាន្ដ ជាមួយការលេងល្បែងប្រជាប្រិយខ្មែរមួយចំនួនទៀត ដើម្បីប្រកាសបើកកម្មវិធី (សង្ក្រាន្ដឆ្នាំថ្មីនៅវត្តទួលសន្តិវ័ន្ដហៅវត្តទួលអស់លោក) លោក ជិន ប៊ុនធឿន តំណាងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃគ្រប់ព្រះអង្គ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខណ្ឌ សូមគោរពជូនពរ និងបួងសួងគុណបុណ្យទេវតាឆ្នាំថ្មី ឆ្នាំ២០២៤ មេត្តាជួយប្រោសព្រំ និងតាមបីបាច់ថែរក្សាដល់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធភានៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ហើយនឹងអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងលោកជំទាវ សូមសមប្រកបតែនឹងសុខភាពល្អ បរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវ៉ៃ និងអាយុយ៉ឺនយូរ ហើយនឹងទទួលបាននូវពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លៀតឡើយ។

បន្ថែមពីនេះ លោក ជិន ប៊ុនធឿន សូមអំពាវដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានអញ្ជើញមកចូលរួមកម្សាន្ដសប្បាយនៅ «សង្ក្រាន្ដវត្តទួល» ឲ្យបានច្រើនកុះករក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ អញ្ជើញចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស២០២៤ និងញ៊ាំងឲ្យពីធីនេះ ប្រព្រឹត្តទៅយ៉ាងអធិកអធម ផ្ដល់ភាពសប្បាយរីករាយ ព្រមទាំងរក្សាបានទំនៀមទម្លាប់ប្រពៃណី និងសិល្បៈដ៏ល្អផូផង់របស់ជាតិ។

សូមជម្រាបថា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨៖០០នាទី ដល់ម៉ោង២២៖០០នាទីយប់ ស្ថិតនៅវត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ មានរៀបចំកម្មវិធី សង្ក្រាន្ដ ដើម្បីស្វាគមន៍ និងទទួលទេវតាឆ្នាំថ្មី ឆ្នាំ២០២៤ ជាមួយការប្រគំតន្ត្រី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈរបាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្ដើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ សម័យ និងរាំលេងកម្សាន្ដ៕