(រតនគិរី)៖ ដើម្បីចូលរួមចំណែកជាមួយកងកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសម្រាប់ប្រើប្រាស់ក្នុងពិធីសង្ក្រាន្តឆ្នាំថ្មី ឆ្នាំរោង «សង្ក្រាន្តរតនគិរី» នៅបរិវេណមន្ទីរវប្បធ៌ម និងវិចិត្រសិល្បៈ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង, នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ តំណាងឧកញ៉ា លឹម សម្បត្តិ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តរតនគិរី បាននាំយកថវិកា និងឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រCSNJ នៅរាជធានីភ្នំពេញ មានទឹកក្រូច ស្រាបៀទឹកសុទ្ធប្រគល់ជូនលោក វ៉ាន់ សោភា អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការសន្តិសុខ និងសណ្តាប់សាធារណៈ។

លោកស្រី សុផាន់ណា តំណាងសប្បុរសជនទាំង២នាក់ខាងលើ បានថ្លែងថា ទោះបីមានតិចតួចក្តី តែនេះជាទឹកចិត្តជ្រះថ្លាជួយកងកម្លាំងបានមួយចំណែកដែរ។ តំណាងសប្បុរសជនរូបនេះ បន្តថា កន្លងទៅក្រុមការងារពួកគាត់បានជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនរដ្ឋបាលខេត្តរតនគិរី សម្រាប់ប្រើប្រាស់តាមតម្រូវការ។

លោក វ៉ាន់ សោភា តំណាងឲ្យកងកម្លាំងទាំងអស់ថ្លែងអំណរគុណចំពោះសប្បុរសជនខាងលើ ដែលបានឧបត្ថម្ភភេសជ្ជៈ, ស្រាបៀ និងថវិកាមួយចំនួន សម្រាប់ចាត់ចែងក្នុងពីធីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនាឱកាសនេះ។

កងកម្លាំងទាំងអស់ទទួលបានថវិកាចំនួន ៣,៦០០,០០០រៀល, ទឹកសុទ្ធកម្ពុជាចំនួន១០០កេស, ស្រាបៀកម្ពុជាចំនួន១០កេស និងទឹកក្រូច១០កេស។ ដោយឡែក សប្បុរសជនដទៃទៀតដូចជាលោក ឌុច ចាន់តូ អភិបាលរងខេត្ត, លោក លន់ ឈុនលី ម្ចាស់ផ្ទះសំណាក់ក្រុងថ្មី ព្រមទាំងសប្បុរសជនច្រើននាក់ទៀតប ន្តឧបត្ថម្ភជាហូរហែផងដែរ៕