(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំថ្វាយទាន ធូប កម្រងផ្កា សម្លៀកបំពាក់ និងគ្រឿងរន្តាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន ជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស.២៥៦៧ ពិសេសសូមឱ្យដំណើរការមហាសង្ក្រាន្តកោះសំពៅមាស បានប្រព្រឹត្តទៅដោយរលូន និងបង្កលក្ខណៈសប្បាយរីករាយ ជូនប្រជាពលរដ្ឋ។

ពិធីនេះត្រូវបានធ្វើឡើង នៅបូជនីយដ្ឋានលោកឧកញ៉ា ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ក្បែងនឹងផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស.២៥៦៧ គស.២០២៤នេះ លោក ខូយ រីដា ក៏បានបួងសួងសុំឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ សូមតាមជួយថែរក្សាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ឱ្យបម្រើការងារជូនរាជរដ្ឋាភិបាល ប្រកបដោយជោគជ័យ ប្រជាពលរដ្ឋមានមុខរបរ បង្កបង្កើនផល ទទួលបានភោគផលច្រើន និងចៀសផុតពីជំងឺដ៏កាចសាហាវផ្សេងៗ។ ម្យ៉ាងវិញទៀតសូមបារមី លោកឧកញ៉ា និងជំទាវ ពិសេសទេវតាឆ្នាំថ្មី ព្រះនាម «មហោទរាទេវី» ជាបុត្រីទី៧ នៃកបិលមហាព្រហ្ម និងបារមីរក្សាការពារ ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ សូមតាមជួយថែរក្សាសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំផ្សេងៗទៀត សូមទទួលបានជោគជ័យតទៅមុខជានិច្ចនិរន្តន៍។

ក្នុងថ្ងៃដដែលនោះ លោក ខូយ រីដា និងលោកស្រី អាំង សុជាតា ខូយរីដា ក៏បានទស្សនារបាំជូនពរ និងរបាំត្រុដិ ដែលរៀបចំដោយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ព្រមទាំងបន្តថ្វាយទាន ធូប និងគ្រឿងរន្តាប់បូជា ជូនព្រះអង្គចៅសែន និងលោកតាក្បាលកោះសំពៅមាស ដែលមើលថែរក្សាគ្រប់គ្រង នៅលើបូរីវប្បធម៌កោះសំពៅមាសផងដែរ។

សូមបញ្ជាក់ថា លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដែលមានភាពល្បីល្បាញ និងពូកែស័ក្កិសិទ្ធ បានធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋ ក្នុងនិងក្រៅប្រទេស តែងតែចូលគោរពអុជធូបបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ពីបារមីលោកឧកញ៉ា ស្ទើរតែគ្រប់ៗគ្នា ទោះបីរូបរាងកាយរបស់លោក បានផុតរលត់ក៏ដោយ។ ដូច្នេះហើយបានជារៀងរាល់មានបុណ្យទានម្តងម្កាល ពិសេសជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំខេត្ត តែងធ្វើពិធីឡើងរោង ​ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ​មិន​ដែលអាក់​ខាន ​ដើម្បី​រំលឹក​នូវ​គំរូ​វីរភាព​ដ៏​អង់អាច ​ក្លាហាន ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ផង និងសុំ​សេចក្ដីសុខ​សេចក្ដីចម្រើន​ផង៕