(សៀមរាប)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានធ្វើជាអធិបតីភាព ក្នុងការបើកព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» ឆ្នាំ២០២៤ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាបរិវេណព្រះរាជដំណាក់ ក្រុងសៀមរាប និងមានវត្តមានលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប អភិបាលខេត្តរង ក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាព ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរជាតិអប្សរា យុវជន ស.ស.យ.ក ព្រមទាំងវិស័យឯកជន និងប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ ប្រមាណជា ៥០០នាក់ ផងដែរ។

សូមបញ្ជាក់ថា៖ ក្រុមការងាររដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ព្រមទាំងមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធ កំពុងមមាញឹករៀបចំ តុបតែង លម្អរចំព្រឹត្តិការណ៍ «សៀមរាប សង្ក្រាន្ត» បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤នេះ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត។

ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន» ក្រុមការងារបាននឹងកំពុងរៀបចំ តុបតែង លម្អភ្លើង និងរៀបចំកន្លែងកម្សាន្តជាច្រើន នៅទីតាំងសំខាន់ៗមួយចំនួន ក្នុងក្រុងសៀមរាប យ៉ាងស្រស់សោភា គួរជាទីទាក់ទាញ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណៈជន មហាជនទូទៅ បានមកទស្សនាក្រុងសៀមរាប និងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាបយ៉ាងច្រើនកុះករ និងដោយសេចក្ដីសប្បាយរីករាយ ផងដែរ៕

(សូមទស្សនារូបភាព ដែលបានភ្ជាប់ មកជាមួយ ផងដែរ)