(សៀមរាប)៖ តាមរយៈប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលការងារនេះឆ្លុះបញ្ចាំងទៅនឹង «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ មុំទី២ ចំណុចទី៤ និង៥ គឺ«ធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ» ដោយបានប្រកាសកំណត់យកឧទ្យានជាតិ «ភ្នំគូលែន» ខេត្តសៀមរាប ជាគោលដៅទេសចរណ៍ធម្មជាតិ។

«ភ្នំគូលែន» ជារាជធានីបុរាណដែលមាន វ័យចំណាស់នៅក្នុងតំបន់កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី២ នាដើមស.វ ទី៩ មានឈ្មោះជាភាសាសំស្រ្កឹត «មហេន្រ្ទបព៌ត» មានន័យថា (លំនៅឋានរបស់ព្រះឥសូរព្រហ្មញ្ញាសាសនា)។

ដោយឡែកលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានណែនាំឱ្យអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ដឹកនាំរៀបចំការអភិវឌ្ឍរបៀងទេសចរណ៍ធម្មជាតិនៅឧទ្យានជាតិ «ភ្នំគូលែន» តាមរយៈការផលិតវីដេអូ និងឯកសារផ្សេងៗ ដើម្បីផ្សព្វផ្សាយពីសក្ដានុពលធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និងរៀបចំផែនការសកម្មភាព ដើម្បីអភិវឌ្ឍន៍រួមនៅឧទ្យានជាតិ «ភ្នំគូលែន»។

ឧទ្យានជាតិ«ភ្នំគូលែន» ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ គ្របដណ្តប់លើផ្ទៃដីទំហំ ៣៧ ៥០០ហិកតា គ្រប់ដណ្តប់លើភ្នំចំនួន៣(ភ្នំហប់ ភ្នំគូលែន និងភ្នំក្បាលស្ពាន) ស្ថិតនៅក្នុងឃុំចំនួន២ គឺ ឃុំខ្នងភ្នំស្ថិតនៅក្នុងស្រុកស្វាយលើ និងឃុំឃុនរាម ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ «ភ្នំគូលែន» ទទួលបានងារជា «ឧទ្យានជាតិ» តាមរយៈព្រះរាជក្រឹត្យកាលពីឆ្នាំ១៩៦៩ ដែលជា ឧទ្យានជាតិទី២ បន្ទាប់ពីតំបន់អង្គរ ដែលជាឧទ្យានជាតិទី១ កំណត់ដោយព្រះរាជក្រឹត្យនៅឆ្នាំ១៩២៥។

ក្នុងឆ្នាំ២០០៤ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តសៀមរាប បានធ្វើបច្ចុប្បន្នភាពព្រំប្រទល់ឧទ្យានជាតិឡើងវិញ ធ្វើឱ្យផ្ទៃដីនៅសល់ទំហំ ៣៧ ៣៧៣ហិកតា។

បច្ចុប្បន្ននេះ ឧទ្យានជាតិ«ភ្នំគូលែន» មានផ្ទៃដីទំហំ ៦២ ៨៨៣ហិកតា តាមអនុក្រឹត្យលេខ១៨៨ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការកែប្រែឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ស្ថិតនៅក្នុងស្រុកចំនួន៥ ឃុំចំនួន១៤ និងភូមិចំនួន៤៥ រួមមានដូចតទៅស្រុកស្វាយលើ (៤ឃុំ និង២០ភូមិ) ស្រុកបន្ទាយស្រី (៣ឃុំ និង១៤ភូមិ) ស្រុកវ៉ារិន (៣ឃុំ និង៧ ភូមិ ) ស្រុកសូទ្រនិគម (៣ឃុំ និង៣ភូមិ) និងស្រុកអង្គជុំ (១ឃុំ និង១ភូមិ)។

យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) «មុំទី២» ជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ(អាទិភាពទី១) ការពង្រឹងការគ្រប់គ្រងឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់បេតិកភណ្ឌធម្មជាតិ និងឧទ្យានជាតិ សមុទ្រ(ចំណុចទី៥) និង «មុំទី៣» ការលើកកម្ពសជីវភាពសហគមន៍មូលដ្ឋាន (អាទិភាពទី២) ការលើកកម្ពស់ជីវភាពប្រជាសហគមន៍តាមរៈការបង្កើនប្រាក់ចំណូលពីទេសចរណ៍ធម្មជាតិ និងវប្បធម៌ និងជម្រើសមុខរបរសមស្រប។

សម្រាប់ផែនការអភិវឌ្ឍរបៀងសហគមន៍ទេសចរណ៍ធម្មជាតិ, រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដាក់ចេញនូវផែនការជាយុទ្ធសាស្រ្ត ដើម្បីអភិវឌ្ឍន៍គោលដៅលំហរបៃតងក្នុងតំបន់ការពារធម្មជាតិ ក្នុងគោលដៅបម្រើឱ្យផលប្រយោជន៍ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ប្រកបដោយនិរន្តភាព នៅតាមសហគមន៍មូលដ្ឋាន ដោយឈរលើគោលការណ៍ចម្បងៗចំនួន៣ ដូចតទៅ៖

*ទី១៖ គ្រប់គម្រោងអភិវឌ្ឍន៍នៅសហគមន៍មូលដ្ឋាន ចាំបាច់ត្រូវបម្រើឱ្យផលប្រយោជន៍ និងលើកកម្ពស់ជីវភាពសហគមន៍ គឺគម្រោងអភិវឌ្ឍន៍ ត្រូវមានការយល់ព្រមពីប្រជាសហគមន៍ ដោយមានភាពសុខដុមរមនា រវាងគម្រោង និងសហគមន៍ ជាមួយគ្នានេះដែរ ត្រូវបង្រៀនសហគមន៍ឱ្យមានឯករាជ្យភាព គឺមានភាពជាម្ចាស់ដោយខ្លួនឯង

*ទី២៖ គ្រប់គម្រោងអភិវឌ្ឍទាំងអស់ ត្រូវចូលរួមការពារតំបន់ការពារធម្មជាតិ និងសហគមន៍មូលដ្ឋាន ក្នុងនោះម្ចាស់គម្រោងត្រូវចូលរួមការងារជាមួយសហគមន៍ ការពារទប់ស្កាត់ការរុកទន្រ្ទានយកដីរដ្ឋ(ដីតំបន់ការពារធម្មជាតិ) ឱ្យបានជាដាច់ខាត ជាពិសេសការពារឱ្យបាននូវការកាប់ឈើដោយខុសច្បាប់ និងបទល្មើសធនធានធម្មជាតិ រួមទាំងហានីភ័យនានាដែលបង្កឱ្យមានភ្លើងឆេះព្រៃជាដើម

និងទី៣៖ អនុវត្តនូវ «ភាពស្អាត» ភាពបៃតងនៅក្នុងតំបន់ការពារធម្មជាតិ តាមរយៈការថែរក្សានូវភាពស្អាតក្នុងខ្យល់ លើដី និងក្នុងទឹក ជាពិសេស គឺភាពស្អាតដែលកើតចេញពីសមានចិត្ត ចេញពីបេះដូង របស់ប្រជាសហគមន៍មូលដ្ឋាន ដែលភាពស្អាតនេះនឹងចែករំលែកទៅដល់បរិស្ថានជុំវិញ រួមមានភ្ញៀវទេសចរមកកម្សាន្តនៅតំបន់ការពារធម្មជាតិផងដែរ។

លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បញ្ជាក់បន្ថែមថា ការថែរក្សាបាននូវភាពបៃតងនៅជុំវិញតំបន់ការពារធម្មជាតិ តាមរយៈការលើកទឹកចិត្តឱ្យមានការចូលរួមដាំដើមឈើពីភ្ញៀវទេសចរ គឺជាការផ្សព្វផ្សាយ «ចរណៃភាពបៃតងឱ្យដក់ជាប់នៅក្នុងចិត្តស្អាតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ» ជាពិសេសទៅទៀត ការលើកស្ទួយ និងបង្ហាញពីជាតិនិយមរបស់ខ្មែរ តាមរយៈមិនចម្លងវប្បធម៌ពីអ្នកដទៃ តែផ្តួចផ្តើម និងបង្កើតនូវគំនិតថ្មីៗ ដែលមានលក្ខណៈជាខ្មែរ គឺបានជំរុញឱ្យមានការទាក់ទាញពីទេសចរក្រៅប្រទេសឱ្យមកកម្សាន្ត និងទស្សនាតំបន់ការពារធម្មជាតិ ដ៏សម្បូរបែបរបស់ខ្មែរ។

លោកបណ្ឌិត អ៊ាង សុផល្លែត នឹងរៀបចំបង្កើតគោលដៅកម្សាន្តបៃតងកម្ពុជាទី១ ដែលរចនាបទបែបខ្មែរ កន្លែងបោះជំរុំ (បោះតង់) បំពាក់ដោយថាមពលពន្លឺព្រះអាទិត្យ (អំពូលសូឡា) នៅសហគមន៍តំបន់ការពារធម្មជាតិ ដែលមានសក្តានុពលទេសចរណ៍នៅឧទ្យានជាតិ «ភ្នំគូលែន» ប្រគល់ជូនសហគមន៍ ដើម្បីយកថ្លៃសេវាទេសចរណ៍ ដោយអនុវត្តនូវគោលការណ៍ «ភាពស្អាត» តម្លៃសមរម្យចំពោះភ្ញៀវទេសចរណ៍៕