(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង ២០២៤» នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ។

បន្ទាប់ពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើរបាយការណ៍ស្វាគមន៍សង្ខេបជូនអង្គពិធីរួចមក, ថ្លែងក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជា ក្រុមការងារយុវជន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ដែលបានយកអស់ពីកម្លាំងកាយចិត្ត សហការគ្នារៀបចំព្រឹត្តិការណ៍សង្ក្រាន្តនេះឡើង ដើម្បីជាការចូលរួមអបអរពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ដែលនឹងចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះ។

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៤នេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើតឲ្យមានភាពសប្បាយរីករា យជូនដល់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ តាមរយៈការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ល្អ ផូរផង់របស់ខ្មែរ ដូចជា ការរៀបចំកម្មវិធីសម្ដែងសិល្បៈ, កម្មវិធីប្រគុំតន្រ្តី, កម្មវិធីលេងល្បែងប្រជាប្រិយផ្សេងៗ, ការតាំងពិព័រណ៍ដាក់បង្ហាញផលិតផលនានាជាស្នាដៃរបស់ប្រជាពលរដ្ឋ នៅតាមបណ្តាក្រុង-ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបងទាំងមូល ការតាំងបង្ហាញមុខម្ហូបដ៏ឆ្ងាញ់ពិសាររបស់អ្នកបាត់ដំបង, ការតាំងបង្ហាញចាប៉ីដងវែង ការតាំងបង្ហាញទុរេនយក្ស ការតាំងបង្ហាញណែមយក្ស និងការប្រកួតកីឡាប្រដាល់ គុនខ្មែរ ព្រមទាំងមានកម្មវិធីកម្សាន្ដផ្សេងៗជាច្រើនទៀត។

ក្នុងនាមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង បានផ្ដល់នូវមតិផ្ដាំផ្ញើមួយចំនួន សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សហការគ្នារក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវជាតិ និងអន្តរជាតិទាំងក្នុង និងក្រៅប្រទេស ដែលអញ្ជើញមកទស្សនាកំសាន្តព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៤»នេះ ឲ្យបានល្អប្រសើរដោយទប់ស្កាត់ឲ្យបាននូវបាតុភាពអសកម្មទាំងឡាយ ដែលនាំឲ្យមានបញ្ហាល្អក់កករក្នុងពិធីកម្សាន្ដសប្បាយ។

សម្ដេចបានណែនាំឲ្យ គណៈកម្មការរៀបចំពិធីព្រឹត្តការណ៍សង្ក្រាន្ត រំលេចឡើងឲ្យបានច្រើននូវផ្ទាំងទស្សនីយភាពសិល្បៈ និងល្បែងប្រជាប្រិយ ឲ្យបានច្រើនប្រភេទ ច្រើនទម្រង់ ដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់បន្ថែមអំពីវប្បធម៌ប្រពៃណីរបស់ខ្មែរ។ ជាមួយគ្នានេះ ត្រូវផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ពិសេសក្នុងស្រទាប់យុវវ័យត្រូវជៀសឆ្ងាយពីការលេងល្បែង ឬសកម្មភាពណាមួយដែលអាចប្រាសចាកពីសីលធម៌ និងប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ នឹងមានប្រជាពលរដ្ឋធ្វើដំណើរច្រើនតាមយានយន្តគ្រប់ប្រភេទនៅតាមដងផ្លូវ ដូចនេះ សម្ដេចក្រឡាហោម ណែនាំអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ជួយសម្រួលចរាចរណ៍ ដើម្បីកុំឲ្យមានការកកស្ទះ និងបញ្ចៀសការគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ សំដៅធានាបានសុវត្ថិភាព ការពារអាយុជីវិត និងទ្រព្យ សម្បត្តិរបស់ប្រជា
ជនផងដែរ។

ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសនានាដូចជា បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់តាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើងឲ្យកាន់តែមានប្រសិទ្ធភាព សម្ដេចបានរំលឹកដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាពឲ្យបានល្អប្រសើរ។

ទន្ទឹមនេះ ត្រូវបង្កើនការអប់រំ នឹងលើកទឹកចិត្ត ឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ពិសេសក្នុងស្រទាប់យុវជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀនខុសច្បាប់ ស្របតាមគោលការណ៍ «បីកុំ មួយរាយការណ៍»។ ដោយរដូវនេះជារដូវក្តៅ អាកាសធាតុហួតហែង អាជ្ញាធរមូលដ្ឋានត្រូវបង្កើនការអប់រំប្រជាពលរដ្ឋចូលរួមបង្ការ ទប់ស្កាត់ គ្រោះអគ្គិភ័យមកលើផ្ទះសម្បែង និងទីតាំងអាជីវកម្ម ផលិតកម្មផ្សេងៗទៀត

ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យប្រព័ន្ធ ការពារអគ្គិភ័យនៅតាមអគារសំណង់នានាឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសកំណត់ ព្រមទាំងបង្កើនការបំផុសអប់រំប្រជាជនឲ្យចូលរួមការពារភ្លើងឆេះព្រៃនៅតាមមូលដ្ឋានរៀងៗខ្លួនផងដែរ៕