(ភ្នំពេញ)៖ ឃាតកម្មសម្លាប់ចិនតៃវ៉ាន់ រួចញាត់សពចូលវ៉ាលី ដែលបានកើតឡើងកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤កន្លងទៅ នៅក្នុងបន្ទប់លេខ១០១ ជាន់ទី១ នៃសណ្ឋាគារគ្រីស្ទាល់ប្ល៊ូ តាមបណ្ដោយផ្លូវព្រះស៉ីសុវត្ថិ ភូមិ១ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ត្រូវកម្លាំងនគរបាលជំនាញ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ រួមសហការគ្នាស្រាវជ្រាវបំបែកបាន ជាមួយនឹងការចាប់ខ្លួនជនដៃដល់ម្នាក់ ដែលជាជនជាតិចិនតៃវ៉ាន់ដូចគ្នា។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ ឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងជំនាញនាយកដ្ឋានចារកម្ម, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌ និងការិយាល័យសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រហូតឈានដល់ធ្វើការបង្ក្រាបជនសង្ស័យ ឈ្មោះ LIN HSUAN MING អាយុ៣២ឆ្នាំ ជនជាតិចិនតៃវ៉ាន់។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ​ LIN HSUAN MING បានយកកាំភ្លើងខ្លីម៉ាស ZURAKI ពណ៌ខ្មៅ បាញ់សម្លាប់ជនរងគ្រោះឈ្មោះ Lui Jen Te ភេទប្រុស​ អាយុ៣១ឆ្នាំ ជនជាតិចិនតៃវ៉ាន់​ បណ្តាលឲ្យស្លាប់រួចក៏បានយកសាកសពជនរងគ្រោះដាក់ក្នុងវ៉ាលី។ រហូតដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ទេីបជនសង្ស័យអុសវ៉ាលី (ដាក់សពជនរងគ្រោះ) ចាកចេញពីសណ្ឋាគាខាងលើ ដោយថ្មើរជើងមកបន្តស្នាក់នៅសណ្ឋាគា Ostro Hotel បន្ទាប់១៨ ជាន់ទី១ ផ្លូវលេខ១៣០ កែងផ្លូវ៥ សង្កាត់ផ្សាកណ្តាល១ ដោយយកវ៉ាលី ដាក់សាកសពចូលបន្ទប់ជាមួយ។

ឆ្លងតាមការធ្វើកោសល្យវិច្ច័យ និងចម្លើយរបស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជបានយកកាំភ្លើងបាញ់សម្លាប់ជនរងគ្រោះឈ្មោះ Lui Jen Te ប្រាកដមែន។ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ។ បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្ដតាមនីតិវិធី៕