(ត្បូងឃ្មុំ)៖ លោក ផារ៉ា មង្គល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿង ឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ផ្តល់ជូនដល់កម្លាំងប្រដាប់អាវុធទាំង បី ប្រភេទដែលចុះល្បាត និងឈរជើងនៅតំបន់ព្រៃលិចទឹក ទាំង ៤ទីតាំង ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

មានប្រសាសន៍សំណេះសំណាល លោក ផារ៉ា មង្គល បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏ដូចជាលោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនដល់កងកម្លាំងទាំងអស់ និងសូមជូនពរដល់កងកម្លាំង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដែលឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

លោក រដ្ឋលេខាធិការ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍។ ជាក់ស្តែង ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងបន្តរក្សាការពារសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោក ផារ៉ា មង្គល បានថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរ ចំពោះកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយកចិត្ត បំពេញបេសកកម្ម ការពារតាមគោលដៅ ទាំង ៤ ទីតាំង គ្រប់ដណ្តប់លើ ៩ឃុំ ក្នុងចំណោម ១២ឃុំ នៃស្រុកក្រូចឆ្មារ ដើម្បីត្រួតពិនិត្យសកម្មភាពលបលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹកដោយខុសច្បាប់បន្ត ពីសំណាក់ជនខិលខូចមួយចំនួន។

បន្ថែមលើនេះ លោក ផារ៉ា មង្គល បានសំណូមពរ ដល់អាជ្ញាធរស្រុក ឃុំ ភូមិ សូមបន្តសហការ ជាមួយ ប្រជាពលរដ្ឋ ដើម្បីការពារការទន្ទ្រានតំបន់ព្រៃលិចទឹក និងការជួញដូរសត្វព្រៃ ការពារឱ្យខានតែបាននៅព្រៃលិចទឹក ដែលជាជម្រករបស់ត្រីពង និងជាប្រភពទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ផងដែរ។

សូមជម្រាបថា៖ កម្លាំងប្រដាប់អាវុធចម្រុះ ដែលកំពុងឈរជើងការពារនៅទីតាំងទាំង៤ រួមមាន ៖ ទី១ -តំបន់ក្របីក្រៀគ (គ្រប់ដណ្តប់ ឃុំឈូក និងឃុំជំនីក), ទីតាំងទី ២-តំបន់ពស់អំបែង (គ្រប់ដណ្តប់ឃុំទួលស្នួល), ទីតាំងទី៣- តំបន់ចម្ការចិន (គ្រប់ដណ្តប់ ឃុំប៉ើស១ ឃុំប៉ើស២ និងឃុំស្វាយឃ្លាំង) និង ទីតាំងទី៤-តំបន់ក្រពើខាំតា ខ្នងព្រែក (គ្រប់ដណ្តប់ ឃុំក្រូចឆ្មារ ឃុំទ្រា និងឃុំព្រែកអាជី) ក្នុងភូមិសាស្រ្តស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕