(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំជួរថ្នាក់ដឹកនាំមន្ត្រី អាជ្ញាធរក្រោមឱវាទពាក់ព័ន្ធ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយថវិកា មកចែកជូនដល់កងកម្លាំងប្រដាប់អាវុធ រួមមាន ស្នងការដ្ឋាននគរបាលខេត្តកែប តំបន់ប្រតិបត្តិការសឹករងខេត្ត និងអង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនទឹក លេខ៤៣០ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ប្រចាំតំបន់ខេត្តកែប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលនេះ។

ពិធីនេះបានប្រព្រឹត្តធ្វើឡើង នៅស្នងការដ្ឋាននគរបាលខេត្តកែប, ទីបញ្ជាការដ្ឋាន នៃអង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ៤៣០ និងទីបញ្ជាការយោធាសឹករងខេត្ត ស្ថិតក្នុងក្រុងកែប ខេត្តកែប ដោយមានការជួបជុំកងកម្លាំងនគរបាលទាំងពីរអង្គភាពខាងលើជាង៤០០នាក់។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់កងកម្លាំងនគរបាលទាំងអស់ ដែលជានិច្ចជាកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់កងកម្លាំង។ លោកបានកោតសរសើរចំពោះសមទ្ធិផល និងកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ស្នងការដ្ឋាននគរបាលខេត្តកែប, តំបន់ប្រតិបត្តិការសឹករងខេត្ត និងកម្លាំងនៃអង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ៥៣០ នាពេលកន្លងមក ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អទាំងក្នុងមូលដ្ឋាន និងនៅតាមខ្សែបន្ទាត់ព្រំដែនទឹក។

លោកអភិបាលខេត្ត បានលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ សូមបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួន ឲ្យបានល្អបន្ថែមទៀត។ លោកអភិបាលខេត្ត បានលើកឡើងថា សម្ដេចអធិបតី ហ៊ុន ម៉ាណែត ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ថា នេះជាការចូលឆ្នាំលើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលលោកបានផ្ដល់ក្តីសង្ឃឹមយ៉ាងមុតមាំ ទៅលើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ធ្វើយ៉ាងណាថែរក្សា ការពារសុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ ឲ្យបានដាច់ខាត។

ទន្ទឹមនេះ លោក សោម ពិសិដ្ឋ ស្នើដល់លោកស្នងការ លោកអធិការ, លោកមេប៉ុស្តិ៍ និងស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់ តាមដាននៅរាល់សកម្មភាពបទល្មើសទាំងអស់ ក្នុងរយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជាពិសេស ស្នងការខេត្ត ធ្វើយ៉ាងណាសហការជាមួយកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ទាំងទឹក-គោក ធានាដល់ការគ្រប់គ្រង ត្រួតពិនិត្យមើលភ្ញៀវទេសចរទាំងនៅគោក លើទឹក និងតាមកោះឆ្នេរ។

លើសពីនេះ ត្រូវត្រៀមកម្លាំងឲ្យបានរៀបរយសម្រាប់ការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនភ្ញៀវទេសចរ និងក្តាប់ឲ្យបាននូវរាល់សកម្មភាពប្រព្រឹត្តបទល្មើសពាក់ព័ន្ធ នៃអំពើហិង្សា ទាំងការញុះញង់ និងសកម្មភាពបទល្មើសដទៃទៀត ដែលកើតមានឡើងជាយថាហេតុ ដូចជាបទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងអំពើផ្សេងទៀត៕