(សៀមរាប)៖ សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ស្ថិតនៅលើខ្នងភ្នំគូលែន កំពុងដើរតួនាទីសំខាន់ក្នុងកិច្ចការងារការពារ និងអភិរក្សព្រៃឈើសហគមន៍ ហើយក៏ជាកន្លែងទទួលស្វាគមន៍ ភ្ញៀវទេសចរមកកម្សាន្តបាន តាមរយៈការបោះតង់សម្រាក និងទស្សនាទេសភាព នៅក្នុងព្រៃសហគមន៍ទៀតផង។

លោក ផាន់ ថុន ប្រធានសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ បានឱ្យដឹងថា ការបង្កើតសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំនេះ ឡើងដើម្បីជួយបង្កើតប្រាក់ចំណូល ជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ តាមរយៈការលក់ផលិតផល ក្នុងស្រុករបស់ខ្លួន និងសេវាកម្មដឹកជញ្ជូនភ្ញៀវទស្សនាព្រៃព្រឹក្សាផងដែរ។

លោកបានបន្តថា សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ជាតំបន់ដែលមានព្រៃឈើក្រាស់ មានទេសភាពស្រស់ស្អាត ហើយអាចឱ្យភ្ញៀវទេសចររបោះតង់សម្រាកក្បែរមាត់ទឹក និងទស្សនាប្រាសាទនានាក្នុងព្រៃជាច្រើនទៀតផង។

សក្តានុពលនៅសហគមន៍ព្រៃធំទីមួយ គឺកន្លែងមាត់ទឹកសម្រាប់ឱ្យភ្ញៀវជាតិ ឬអន្តរជាតិ កម្សាន្ត បោះតង់ និងដើរទស្សនាជុំវិញព្រៃសហគមន៍ មានតំបន់ទីទួលបុរាណ ប្រាសាទបុរាណ និងតំបន់ទេសភាពទូទៅ ហើយប្រាសាទនីមួយៗដាច់ឆ្ងាយពីគ្នា នៅពេលដែលភ្ញៀវមកគាត់ចង់ដើរទស្សនាថ្មើរ ជើងគាត់ត្រូវប្រើពេលចំនួនពីរ យប់ ហើយបើគាត់មិនចង់ស្នាក់នៅគាត់អាចកុម្មង់ម៉ូតូឌុបបាន ហើយបច្ចុប្បន្ននេះមានភ្ញៀវចាប់អារម្មណ៍ច្រើន។

ប្រធានសហគមន៍រូបនេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍បានខិតខំរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងបានចូលរួមដាំដាំឈើឡើងវិញដើម្បីបង្កើនគម្របព្រៃឈើ។

សូមបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ មានទីតាំងនៅលើខ្នងភ្នំគូលែន ស្ថិតក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប មានផ្ទៃដី ប្រមាណ ៣៦៥ហិកតា មានចម្ងាយជាង ៨០គីឡូម៉ែត្រ ពីក្រុងសៀមរាប។

គួរឱ្យដឹងថា ក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពនៃវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលការងារនេះឆ្លុះបញ្ចាំងទៅនឹង «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ មុំទី២ ចំណុចទី៤ និង៥ គឺ«ធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ» សម្តេចធិបតី បានប្រកាសកំណត់យកឧទ្យានជាតិ «ភ្នំគូលែន» ខេត្តសៀមរាប ជាគោលដៅទេសចរណ៍ធម្មជាតិ៕