(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការសាលាខេត្ត និងមន្ត្រីហាត់ការ ដើម្បីសម្តែងនូវអំណរសាទរស្វាគមន៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស.២៥៦៧ ដែលខិតជិតមកដល់នាពេលឆាប់ៗខាងមុខ។ ពិធីនេះបានការចូលរួម ពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីរដ្ឋបាលខេត្តយ៉ាងច្រើនកុះករ។

លោក ខូយ រីដា បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានជួបសំណេះសំណាលជាមួយ មន្ត្រី រាជការសាលាខេត្តយើង នាឱកាសនេះ។ លោកសូមថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៅទូទាំងខេត្តពោធិ៍សាត់ ដែលបានរួមសាមគ្គី សហការគ្នាបានល្អ តាមភារកិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ឱ្យទទួលបានសមិទ្ធផលថ្មីៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តន៍ និងគាំទ្រគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានបន្តថា ក្នុងឆ្នាំចាស់កន្លងទៅនេះ យើងបានខិតខំរួមគ្នា សម្រេចបានលទ្ធផល ជូនរដ្ឋបាលខេត្ត គួរជាទីមោទនៈ ទោះបីមានកិច្ចការមួយចំនួននៅសេសសល់ មិនទាន់បានអនុវត្ត ក៏យើងបានដាក់បញ្ចូលក្នុងទិសដៅការងារបន្តនាឆ្នាំបន្ទាប់ ដើម្បីសម្រេចឱ្យបានជោគជ័យក្នុងឆ្នាំថ្មី។

លោក បានបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ គឺជាទម្លាប់ ដែលលោកតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជួបសំណេះសំណាល និងឧបត្ថម្ភនូវថវិកាមួយចំនួន ជូនបងប្អូនកូនក្មួយ ដើម្បីយកទៅប្រើប្រាស់ទៅតាមសេចក្តីត្រូវការជាក់ស្តែង។ យើងដឹងហើយថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានណែនាំឱ្យក្រសួងជំនាញ បើកជូននូវប្រាក់បៀវត្សខែមេសា សម្រាប់មន្ត្រីរាជការគ្រប់ស្ថាប័ន សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។

ដោយឡែកសម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់ឯនេះវិញ លោកបានផ្តល់ជូនបន្ថែម ក្នុងម្នាក់ៗទទួលបាននូវស្រាបៀរ១កេស និងថវិកា១០០ដុល្លារស្មើៗគ្នា និងសូមឱ្យជួបប្រទះនូវសេចក្តីសុខសេចក្តីចម្រើន ជោគជ័យគ្រប់ភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូនក្នុងឆ្នាំថ្មី និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរ។

លោកបានគូសបញ្ជាក់បន្ថែមថា សម្តេចបវរធិបតី សម្តេចបានណែនាំដល់រដ្ឋបាលរាជធានីខេត្ត ធ្វើការរៀបចំសង្ក្រាន្ត និងបង្កលក្ខណៈដល់ប្រជាពលរដ្ឋ ឱ្យសប្បាយរីករាយទទួលអំណរឆ្នាំថ្មី នៅតាមរដ្ឋបាលរាជធានីខេត្តរៀងៗខ្លួន, សម្រាប់ខេត្តពោធិ៍សាត់យើង ក៏មានរៀបចំមហាព្រឹត្តិការណ៍សង្ក្រាន្តកោះសំពៅមាស ទ្រង់ទ្រាយធំ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ដែលទាមទារឱ្យមន្ត្រីរាជការយើងគ្រប់លំដាប់ថ្នាក់ ចូលរួមរៀបចំ គាំទ្រ និងសប្បាយសាទរទាំងអស់គ្នាផងដែរ៕