(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតកម្មវិធីកម្សាន្តសប្បាយៗជាច្រើន បង្កបរិយាកាសរីករាយ ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខណៈសន្តិសុខត្រូវពង្រឹងកាន់តែខ្ពស់។

នេះបើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងក្នុងឱកាសជូនដំណើរប្រជាពលរដ្ឋ ដែលជិះរថយន្តក្រុងសាធារណៈទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាព្រលឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

លោក ឃួង ស្រេង បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងមានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន ដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើម ស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌។

ជាមួយគ្នានេះ លោកអះអាងថា ដោយសារប្រជាពលរដ្ឋមានការចល័តច្រើន ទើបសន្តិសុខត្រូវបានពង្រឹងខ្ពស់ ប៉ុន្តែ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋ មុនចេញពីផ្ទះ ត្រូវពិនិត្យមើលបញ្ហាអគ្គិសនី និងភ្លើងធូប-ទៀន ដើម្បីសុវត្ថិភាព។

ដើម្បីឱ្យការរៀបចំកម្មវិធីអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការ កកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំចំណតយានយន្តសម្រាប់អ្នកចូលរួមកម្មវិធីសង្ក្រាន្តវត្តភ្នំ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕