(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំពិធីសូត្រមន្ដចម្រើនព្រះបរិត្តនាំសិរីសួស្តី និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៥អង្គ បង្សុកូលឧទ្ទិសកុសល ដល់វិញ្ញណក្ខន្ធបុព្វការីជន និងបណ្ដេញឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសី នាំសិរីសួស្ដីជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ។

ក្នុងពិធីដែលបានប្រារព្ធឡើងទៅតាមគន្លងទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនានេះ បានប្រព្រឹត្ដទៅក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី គីម សុខលាភ និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលជាច្រើននាក់ផងដែរ។

ពិធីបែបសាសនានេះក៏មានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រ័យ និងបាននិមន្តព្រះសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល។

ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ព្រមទាំងថ្នាក់ដឹកនាំ បានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ថ្វាយចំពោះព្រះភិក្ខុសង្ឃគ្រប់អង្គជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើតមានចំពោះ មហាគ្រួសារក្រសួង ក៏ដូចជាប្រជាពលរដ្ឋ ខ្មែរគ្រប់ៗរូប ជានិច្ចនិរន្តរ៍តរៀងទៅ។

បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្ដចម្រើនព្រះបរិត្តនាំសិរីសួស្តី និងបង្សុកូលឧទ្ទិសកុសល ដល់វិញ្ញណក្ខន្ធបុព្វការីជន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏មានក្រុមសិល្បករ សិល្បការិនី បានសម្តែងរបាំត្រុដិ ដែលត្រូវបានប្រជាពលរដ្ឋខែ្មរជឿជាក់ថា ជារបាំប្រពៃណីបុរាណខ្មែរមួយ ដែលអាចបណ្តេញ ឧបទ្រុព្វចង្រៃផងដែរ។

គួរបញ្ជាក់ថា ពិធីតាមបែបសាសនានេះប្រារព្ធឡើង ជាការជូនដំណើរឆ្នាំចាស់ និងទទួលអំណរ ឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ជាពិសេសការត្រៀមទទួលស្វាគមន៍ទេវតា ឆ្នាំថ្មី ឆ្នាំរោង ព្រះនាម មហោទរាទេវី ជាបុត្រីទី៧ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកនៅវេលាម៉ោង ១០:២៤ នាទីយប់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ៕