(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខក្នុងព្រឹត្តិការណ៍ «សៀមរាបសង្រ្កាន្ត» ទៅតាមប្រពៃណី និងជំនឿសាសនារបស់ប្រជាពលរដ្ឋកម្ពុជា នៅមុនថ្ងៃចូលឆ្នាំថ្មីមកដល់។ ពិធីដ៏មានសារសំខាន់នេះបានធ្វើឡើងនៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប។

ពិធីបួងសួងនេះដែរ ក្រោមវត្តមានរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ អភិបាលខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងមន្ត្រីរាជការជាច្រើនចូលរួមផងដែរ។

កម្មវិធីសាសនាបួងសួងបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក រួមមានបារមីប្រាងប្រាសាទអង្គរវត្ត និងប្រាសាទបុរាណនានាកេរដំណែលស្ថាបត្យកម្មដូនតាខ្មែរ មានលោកតារាជ្យ លោកយាយទេព្យ ព្រះអង្គចេកព្រះអង្គចម បារមីព្រះអង្គធំខ្នងភ្នំគូលែន ដើម្បីសុំសេចក្តីសុខនៃកិច្ចដំណើរការព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្តឆ្នាំ២០២៤» ឲ្យប្រកបដោយជោគជ័យសេរីមង្គលដ៏បវរប្រកបតាមសេចក្តីប៉ងប្រាថ្នានៃប្រជាពលរដ្ឋខ្មែរ ព្រមជាមួយភ្ញៀវជាតិនិងអន្តរជាតិផងដែរ។

តាមសេចក្តីប្រកាសអំពាវនាវរបស់លោកតាអាចារ្យ ដែលបានប្រសិទ្ធីពិធីការនាក្នុងឱកាសនោះ ពិធីបួងសួងសុំនូវសេចក្តីសុខ គឺជាពិធីនេះដែលត្រូវបានរៀបចំប្រាព្ធឡើងតាមបែបព្រហ្មញ្ញសាសនាសុទ្ធសាធ។ តាមរយៈនៃការប្រារព្ធពិធីបួងសួងនេះផងដែរ គឺបានបង្ហាញអំពីវប្បធម៌ ប្រពៃណីរស់នៅរបស់ប្រជាជនខ្មែរ ដែលបានបង្កប់ជ្រៅនៅក្នុងជំនឿនិងសង្គម។

ពិធីបួងសួង ក៏ដូចជាពិធីក្រុងពាលីផងដែរ គឺជាពិធីដែលស្ថិតក្នុងជំនឿតាមបែបព្រលឹងដែល ប្រជាជនខ្មែរយើងមានជំនឿជឿថា នៅលើលោកនេះ អ្នកខ្លាំងពូកែដែលបានចែកស្ថានទៅ ពិតជាបានប្រើប្រាស់ព្រលឹងរបស់ខ្លួន នៅតាមថែរក្សាកូនចៅជំនាន់ក្រោយៗ នឹងមើលការខុសត្រូវដោយឬទ្ធានុភាពជួយគាំទ្រកូនចៅដែលប្រព្រឹត្តិតែអំពើល្អ និងមានមនសិការស្នេហាជាតិ ស្រឡាញ់ការពារទឹកដីមាតុភូមិ កេរ្តិ៍ដំណែលដូនតាដោយពិតប្រាកដ។

ការប្រារព្ធពិធីនេះក៏បានបង្ហាញអំពីបេះដូងដ៏ទូលំទូលាយរបស់ប្រជាជនខ្មែរ ដែលបានរក្សាប្រពៃណីជំនឿនៃជាតិសាសន៍របស់ខ្លួនតាំងតែពីសម័យកាលដ៏រុងរឿងនៃអាណាចក្រអង្គរ ដែលជាសម័យកាលនៃព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែ បានធ្វើសមាហរណកម្មរវាងព្រហ្មសាសនា និងការហូរចូលព្រះពុទ្ធសាសនាមកកាន់កម្ពុជា។

ប្រជាជនខ្មែរពិតជាមានមោទនភាពក្រៃលែងតាមរយៈនៃព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» បានបង្ហាញនូវពិធីសាសនាជាច្រើនដែលទាក់ទងទៅនឹងព្រហ្មញ្ញសាសនា នឹងពិធីផ្សេងៗទៀត ដូចជាពិធីពូនភ្នំខ្សាច់ជាដើម ដែលត្រូវបានប្រារព្ធឡើងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ហើយទាំងនេះ គឺជាការសបញ្ជាក់ដល់ កូនចៅខ្មែរជំនាន់ក្រោយឲ្យ នៅតែគោរពថែរក្សាវប្បធម៌ ប្រពៃណី ជំនឿសាសនាយ៉ាងខ្ជាប់ខ្ជួនបំផុត៕