(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក ហែម សុវត្ថិ ប្រធានក្រុមការងារចុះជួយឃុំកោះសូទិន នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ បានប្រគល់អំពូលសូឡា (អំពូលប្រើពន្លឺព្រះអាទិត្យ) ចំនួន១,០០០ដើម ដែលជាអំណោយរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីដាក់បំភ្លឺតាមដងផ្លូវនៃភូមិទាំង១៥ ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីបង្កលក្ខណងាយស្រួលក្នុងការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ប្រធានក្រុមការងារចុះជួយឃុំកោះសូទិន លោក ហែម សុវត្ថិ បានថ្លែងថា ភ្លើងអគ្គិសនី គឺជាអាទិភាពគន្លឹះ១ ក្នុងចំណោមអទិភាពគន្លឹះទាំង៥ ដែលរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិជ្ជា ត្រូវបានយកចិត្តទុកដាក់ ដើម្បីការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ម្យ៉ាងទៀតអំណោយនេះអាចនិយាយបានថា ជាកាជូនកាដូមុនពិធីបុណ្យចូលឆ្នាំថ្មីជូនដល់ប្រជាពលរដ្ឋក្នុងឃុំកោះសូទិនសម្រាប់បំភ្លឺផ្លូវ ងាយស្រួលក្នុងការធ្វើដំណើរ ចូលរួមការកម្សាន្តពីតំបន់មួយទៅតំបន់មួយទៀតក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។

អភិបាលខេត្តកំពង់ចាមបានឱ្យដឹងថា អំពូលសឡាប្រើពន្លឺព្រះអាទិត្យចំនួន១០០០ដើម ដែលជាអំណោយរបស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈលោក ហែម សុវត្ថិ ប្រធានក្រុមការងារចុះជួយឃុំកោះសូទិន ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ ដើម្បីបំភ្លឺផ្លូវបង្កលក្ខណងាយស្រួលដល់ការធ្វើដំណើរ ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងឃុំកោះសូទិននេះតែម្តង។

លោកអភិបាលខេត្តបានយកឱកាសនោះជូនសព្វសាធុការពរដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវថែរក្សាសេចក្តីថ្លៃថ្នូរក្នុងការលេងល្បែងប្រជាប្រិយដែលជាប្រពៃណីវប្បធម៌របស់យើង៕