(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Datuk Eldeen Husaini MOHD HASHIM ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា អំឡុងពេលលោកអគ្គរដ្ឋទូតបញ្ចប់អាណត្តិបេសកកម្មការទូតប្រកបដោយជោគជ័យរបស់ឯកឧត្តមនៅកម្ពុជា។

លោក Datuk Eldeen Husaini MOHD HASHIM ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ី តែងតាំងឱ្យទៅបេសកកម្មការទូតថ្មីជាឯកអគ្គរាជទូតនៃប្រទេសម៉ាឡេស៊ី ប្រចាំសាធារណរដ្ឋបារាំង ក្រោយបញ្ចប់បេសកកម្មនៅកម្ពុជា។

នៅក្នុងជំនួបលោកឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់ លោកឯកអគ្គរាជទូត ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងកម្ពុជា និងម៉ាឡេស៊ី តាំងពីពេល លោកចាប់ផ្ដើមអាណត្តិរបស់ខ្លួននៅឆ្នាំ២០១៩ ជាពិសេស ការចូលរួមចំណែកដ៏សំខាន់ក្នុងទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៅម៉ាឡេស៊ីប្រកបដោយភាពជោគជ័យ កាលពីខែកុម្ភៈថ្មីៗនេះ ដែលជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏រីកចម្រើននៅក្នុងវិស័យជាច្រើន និងការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ដែលភាគីទាំងពីរបានឯកភាពរក្សាសម្ទុះជាវិជ្ជមាននេះ។

លោកឧបនាយករដ្ឋមន្ត្រី បានអះអាងជូន លោកឯកអគ្គរាជទូតថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រយ៉ាងពេញទំហឹងដល់ឯកអគ្គរាជទូតម៉ាឡេស៊ីថ្មី៕