(កំពង់ចាម)៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងចំណាត់ការសកម្មជនគណបក្សភ្លើងទៀន លើករណីក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់លិខិតក្លែងនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានឱ្យថា៖ ឈ្មោះ ហៀង សុដា ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានដាក់ពាក្យបណ្តឹង ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លើសកម្មភាពរបស់ឈ្មោះ សាន សឿង ភេទប្រុស និងបក្ខពួកពាក់ព័ន្ធនឹងការក្លែងស្នាមមេដៃ និងដាក់ឈ្មោះរបស់ខ្លួនឈរជាបេក្ខជនបម្រុងលេខរៀងទី៩ ក្រុមប្រឹក្សាស្រុកស្ទឹងត្រង់។

ក្រោយពីបញ្ចប់ការស្រាវជ្រាវ និងស៊ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឈានដល់ការឃាត់ខ្លួន (១) ឈ្មោះ សាន សឿង ភេទប្រុស (២) ឈ្មោះ ស្រី មាន ភេទប្រុស និង(៣) ឈ្មោះ យិន ភាព ភេទប្រុស មានតម្រុយពាក់ព័ន្ធនឹងបទក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់លិខិតក្លែងប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

បន្ទាប់ពីបានសាកសួរជនសង្ស័យទាំង០៣ រូបខាងលើ និងធ្វើការពិនិត្យលើឯកសារភស្ដុតាងពាក់ព័ន្ធរួមទាំងឯកសារកោសលវិច័យលើស្នាមមេដៃ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យទាំង០៣រូបខាងលើ ពីបទ "ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់លិខិតក្លែង” តាមមាត្រា៦២៦, មាត្រា៦២៨ និងមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ក្រោយពីទទួលបានសំណុំរឿង, ស្តាប់ចម្លើយជនត្រូវចោទ និងពិនិត្យឯកសារភស្តុតាងនានា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទទាំង០៣ រូបខាងលើដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ក៏សូមគូសបញ្ជាក់បន្ថែមថាសំណុំរឿងខាងលើ គឺជាអង្គហេតុនៃបទល្មើសព្រហ្មទណ្ឌសុទ្ធសាធដូចមានចែងក្នុងមាត្រា៦២៦, មាត្រា៦២៨ និងមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ៕