(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា​ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានលើកទឹកចិត្ដដល់សាកលវិទ្យាល័យជាតិ សាំងហ្គាពួរ (NUS) បន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាមួយអង្គភាពក្រោមឱវាទក្រសួងសុខាភិបាល និងពង្រីកកិច្ចសហការជាមួយសាកលវិទ្យាល័យផ្សេងៗ ថ្មីៗថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ Teo Yik Ying សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិ សាំងហ្គាពួរ (NUS) និងជាព្រឹទ្ធបុរស នៃ NUS Saw Swee Hock School of Public Health ព្រមទាំងប្រតិភូអមដំណើរ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នាទីស្ដីការក្រសួងសុខាភិបាល។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ សាកលវិទ្យាល័យជាតិ សាំងហ្គាពួរ ដែលបានគាំទ្រ និងរួមចំណែកក្នុងការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល និងការងារស្រាវជ្រាវសុខភាពសាធារណៈនៅកម្ពុជាក្នុងពេលកន្លងមក។ ទន្ទឹមនឹងកិច្ចសហការនេះ លោកសាស្ដ្រាចារ្យ ក៏ស្នើសាកលវិទ្យាល័យមួយនេះ ពង្រីកវិសាលភាពក្នុងការសហការជាមួយដៃគូដទៃទៀត ដើម្បីបន្ដជួយលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ឱ្យកាន់តែបានល្អប្រសើរជាងនេះបន្ថែមទៀត។

ជាការឆ្លើយតប លោកសាស្រ្តាចារ្យ Teo Yik Ying បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់សាកលវិទ្យាល័យ ក្នុងការប្តេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល លើកិច្ចការជាអាទិភាពមួយចំនួនរបស់ក្រសួង រួមមាន៖ ១) ការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំជាមួយថ្នាំអង់ទីប៊ីយ៉ូទិក ២) ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ជាពិសេសការរៀបចំផែនការយុទ្ធសាស្រ្តជាតិប្រយុទ្ធនឹងជំងឺមហារីក ៣)ការបណ្តុះបណ្តាលធនធានមនុស្សសុខាភិបាល ៤) ការលើកកម្ពស់ឌីជីថលសុខាភិបាល។

លោកសាស្រ្តាចារ្យ ក៏បានថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលបានគាំទ្រដល់កិច្ចសហប្រតិបត្តិការ របស់សាកលវិទ្យាល័យជាតិ សាំងហ្គាពួរ ជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងវិទ្យាស្ថានជាតិសុខភាពសាធារណៈនៅកម្ពុជា ក្នុងរយៈកាល ១០ឆ្នាំកន្លងមកនេះ។ ជាមួយគ្នានោះតំណាងសាកលវិទ្យាល សាំងហ្គាពួរ លោកនឹងខិតខំបន្ថែមទៀត ចូលរួមជាមួយកម្ពុជា ក្នុងការរួមគ្នាឈានទៅសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកល។

ក្នុងឱកាសនោះដែរ លោកសាស្ដ្រាចារ្យ Teo Yik Ying បានថ្លែងអបអរសាទរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលលោកសាស្ដ្រាចារ្យ ទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល៕