(ត្បូងឃ្មុំ)៖ នៅសាលាខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោក ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីក្របខ័ណ្ឌអនុវត្តការជំរុញ បង្កើនការងារថែទាំសុខភាពបឋម នៅខេត្តត្បូងឃ្មុំ។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរសុខាភិបាល មន្ទីរអង្គភាពជុំវិញខេត្ត ការិយាល័យស្រុកប្រតិបត្តិទាំង៧ មណ្ឌលសុខភាពសុខភាពទាំង៧៤ អាជ្ញាធរក្រុងស្រុក និងអ្នកពាក់ព័ន្ធ។

បន្ទាប់ពីលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ បានអានរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារសុខាភិបាលឆ្នាំ២០២៣ រួចមក លោក ហុក ពេជ្រហោះ អភិបាលរងខេត្ត បានសម្ដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសុខាភិបាលសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមក ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់។

លោក ហុក ពេជ្រហោះ គូសបញ្ជាក់ថា យោងតាមរបាយការណ៍ បានបង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍ការងារសុខាភិបាលក្នុងខេត្តត្បូងឃ្មុំ សម្រេចបានសមិទ្ធផលការងារធំៗជាច្រើន លើការប្រើប្រាស់សេវាសុខាភិបាល នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពផងដែរ។

ក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបង្ហាញនូវវឌ្ឍនភាព នៃការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្រើសេវាសុខភាព ជាពិសេសការផ្តល់សេវាថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋ នៅតាមសហគមន៍នៅក្នុងខេត្តត្បូងឃ្មុំ។

លោកស្រីវេជ្ជបណ្ឌិត រដ្ឋលេខាធិការ គូសបញ្ជាក់ថា កិច្ចការងារនេះសម្រេចទៅបាន ទាមទារឲ្យមានការអនុវត្តយ៉ាងម៉ឹងម៉ាត់បំពេញភារកិច្ចតាមតួនាទី លើការងារស្នូលសំខាន់ៗ ចំនួន ៥ចំណុច រួមមាន៖

*ទី១៖ ការផ្តល់លទ្ធភាព និងការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍
*ទី២៖ ការតម្រង់ទិសឡើងវិញនៅការផ្តល់សេវាសុខភាព
*ទី៣៖ ការពង្រឹងសម្ថភាពបណ្តុះបណ្តាល
*ទី៤៖ ការពង្រឹងការគ្រប់គ្រងឱសថ
*ទី៥៖ ថែទាំសម្ភារៈបរិក្ខាពេទ្យ និងការងារអភិបាលកិច្ច និងគ្រប់គ្រង។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្ថែមថា ដើម្បីអនុវត្តការងារនេះមានប្រសិទ្ធភាព សូមស្នើដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តយុទ្ធសាស្រ្តគន្លឹះរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានដាក់ចេញ ក្នុងការពង្រឹងមណ្ឌលសុខភាព ពង្រឹងគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌តាមមន្ទីរពេទ្យស្រុក ខេត្ត និងពង្រឹងស្ថាប័ន ដើម្បីអនុវត្តផែនការការជំរុញបង្កើនការងារថែទាំសុខភាពបឋម នៅខេត្តត្បូងឃ្មុំ តាមរយៈបន្តខិតខំចូលរួមរៀនសូត្របង្កើនសមត្ថភាពផងដែរ។

សូមជម្រាបថា រយៈពេល២ថ្ងៃ នៅថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះត្រួតពិនិត្យមើលស្ថានភាព និងសួរសុខទុក្ខ មន្ត្រីសុខាភិបាល នៅមណ្ឌលសុខភាពចំនួន ១០ ក្នុងភូមិសាស្រ្ត ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ សង្កេតឃើញថាលទ្ធផលការងារសុខាភិបាល សម្រេចបានយ៉ាងល្អប្រសើរផងដែរ៕