(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុន ដឹកនាំដោយឯកលោក TANINAI Ichitomo អនុប្រធានស្ថានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំពិភាក្សានេះរៀបចំឡើងក្នុងគោលបំណងរៀបចំគម្រោងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាកំពង់ផែនិងមជ្ឈមណ្ឌលឡូជីស្ទីកតំបន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការពង្រីកសមត្ថភាពនៃប្រតិបត្តិការកំពង់ផែ និងពង្រឹងឧត្តមភាពប្រកួតប្រជែងជាមួយកំពង់ផែធំៗក្នុងតំបន់។

ជាមួយគ្នានេះដែរ កំពង់ផែនេះនឹងពង្រីកសក្តានុពលនៃប្រព័ន្ធភស្តុភារកម្មកម្ពុជាឱ្យបានល្អ និងមានគុណភាពជាងមុន សំដៅបង្កើនសមត្ថភាព និងសេវាកម្មឱ្យកាន់តែធំ និងខ្លាំងក្លាជាងមុន ដែលនឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូនឱ្យចុះទាប និងពង្រីកដែននៃការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារធំៗក្នុងតំបន់ និងពិភពលោក៕