(កំពង់ចាម)៖ ក្នុងយុទ្ធនាការជិះកង់ជុំវិញភូមិសាស្ត្រខេត្តកំពង់ចាម ៧ថ្ងៃ ដើម្បីប្រមូលថវិកាជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា គិតត្រឹមរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៤នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានទទួលថវិការសរុបចំនួន ៤២១,៨៩៦,៨០០រៀល និង ៨,៩៣៩ដុល្លារ ដែលពិធីប្រគល់ទទួលនេះធ្វើនៅសាលាខេត្តកំពង់ចាម។

សូមរំលឹកផងដែរថា ការបើកយុទ្ធនាការរបស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងការជិះកង់រៃអង្គាសប្រមូលថវិកាពីសប្បុរសជននានា ក្នុងក្រុង ស្រុក ទាំង១០ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម គឺធ្វើឡើងបន្ទាប់ពីមានការណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផា។

ហេតុដូច្នេះទើប លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំផែនការជិះកង់គូក ចេញទៅតាមគោលដៅ ក្រុង-ស្រុកទាំង១០ ដែលមានសមាសភាពចំនួន ៤០០នាក់ ហើយចំណុចដែលត្រូវចាប់ផ្តើមមុនគេ គឺនៅមុខសាលាខេត្តកំពង់ចាម ក្នុងគោលបំណងទទួលថវិកាពីសប្បុរសជន សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យដែលបានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា និងស្ត្រីមានផ្ទៃពោះរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។

ម្យ៉ាងទៀតកុមារទាំងនោះ គឺជាទំពាំងស្នងឬស្សី ដ៏មានសក្តានុពល សម្រាប់ការអភិវឌ្ឍន ប្រទេសជាតិយើង រដ្ឋបាលខេត្តកំពង់ចាម ក៏បានធ្វើការអំពាវនាវដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន លោកតា លោកយាយ និងសប្បុរសជន សូមមេត្តាចូលរួមជួយបរិច្ចាគជាវិភាគទាន តាមការស្ម័គ្រចិត្តដោយសុទ្ធាជ្រះថ្លា ដើម្បីទ្រទ្រង់ និងជួយដល់មន្ទីពេទ្យគន្ធបុប្ផា ក្នុងការព្យាបាល សង្គ្រោះជីវិតកុមារកម្ពុជា និងក្នុងស្មារតី ខ្មែរជួយខ្មែរ ស្មារតីមនុស្សធម៌ ពិសេសការផ្តល់ស្នាមញញឹម ក៏ដូចជាសេចក្តីស្រលាញ់ដល់កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕