(ហ្គាហ្សា)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អ៊ីស្រាអែលកំពុងបន្តសង្រ្គាមរបស់ខ្លួននៅតំបន់ហ្គាហ្សា ហើយក៏កំពុងត្រៀមលក្ខណៈសម្រាប់សេណារីយ៉ូនៅក្នុងតំបន់ផ្សេងទៀតផងដែរ ចំពេលមានការភ័យខ្លាចថា អ៊ីរ៉ង់កំពុងរៀបចំវាយប្រហារអ៊ីស្រាអែល ក្នុងការសងសឹកចំពោះការសម្លាប់មេដឹកនាំជាន់ខ្ពស់របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

លោក Netanyahu បានថ្លែងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរបស់លោក បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពអាកាស Tel Nof។ នាឪកាសនោះ លោកបាននិយាយថា «អ្នកណាដែលធ្វើបាបយើង យើងធ្វើបាបពួកគេ។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញតម្រូវការសន្តិសុខទាំងអស់របស់រដ្ឋអ៊ីស្រាអែល មិនថាការពារ ឬវាយលុក»។

អ៊ីស្រាអែលបាននិងកំពុងត្រៀមលក្ខណៈ សម្រាប់ការសងសឹកដែលអាចកើតមានពីអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃទី ១ខែមេសា លើបរិវេណស្ថានទូតអ៊ីរ៉ង់នៅទីក្រុង Damascus ដែលបានសម្លាប់ឧត្តមសេនីយកំពូលម្នាក់ និងមន្ត្រីយោធាអ៊ីរ៉ង់ ៦នាក់ផ្សេងទៀត។ អ៊ីស្រាអែលមិនបានអះអាងទទួលខុសត្រូវទេ ប៉ុន្តែមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែល «ត្រូវតែទទួលទណ្ឌកម្ម ចំពោះការវាយប្រហារនេះ»។

កងទ័ពអ៊ីស្រាអែលភាគច្រើនបានដកខ្លួនចេញពីតំបន់ហ្គាហ្សា ហើយកំពុងត្រៀមវាយប្រហារទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដែលមានប្រជាជនប៉ាឡេស្ទីនជាង ១ លាននាក់បានភៀសខ្លួន ខណៈការវាយប្រយុទ្ធគ្នានៅតែបន្តនៅទូទាំងតំបន់។

អ្នកស្រុក និងពួកសកម្មប្រយុទ្ធហាម៉ាសបាននិយាយថា ការប្រយុទ្ធគ្នាដោយកាំភ្លើងបានផ្ទុះឡើងរវាងពួកសកម្មប្រយុទ្ធ និងទាហានអ៊ីស្រាអែល ដែលបានលុកលុយតំបន់ភាគខាងជើង និងខាងត្បូងនៃជំរំជនភៀសខ្លួន Nuserat ។ ពួកគេបាននិយាយថា ការទម្លាក់គ្រាប់បែកស្ទើរតែឥតឈប់ឈររបស់អ៊ីស្រាអែលពីលើអាកាស និងតាមដីគោក សមុទ្ររហូតមកដល់ពេលនេះបានបំផ្លាញអគារជាច្រើនរួមទាំងវិហារអ៊ីស្លាមពីរផងដែរ៕