(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានញ្ជើញជាអធិបតីបើកការប្រកួតថតរូបដោយស្មាតហ្វូន «SEE CAMBODIA 2024» ដើម្បីចូលរួមលើកស្ទួយវិស័យវប្បធម៌ និងទេសចរណ៍ក្នុងប្រទេសកម្ពុជា ដែលកម្មវិធីនេះចំឡើងដោយក្រសួងព័ត៌មានសហការដោយក្រុមហ៊ុន OPPO ប្រចាំកម្ពុជា។

គួរបញ្ជាក់ថា ទឹកប្រាក់សរុបរហូតចំនួន ១២លានរៀល និងទូរសព្ទ័ដៃ OPPO ជាច្រើនគ្រឿង នឹងត្រូវប្រគល់ជូនដល់ម្ចាស់ជ័យលាភីលេខ១ រហូតដល់លេខ ៦ នៅក្នុងការប្រកួតថតរូបដោយស្មាតហ្វូន «SEE CAMBODIA 2024» ។

ថ្លែងក្នុងពិធីបើកការប្រកួតថតរូបដោយស្មាតហ្វូន«SEE CAMBODIA 2024» នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោក នេត្រ ភក្រ្តា បានគួសបញ្ជាក់ពីគោលបំណងនៃកម្មវិធីប្រកួតថតរូប គឺចង់ឱ្យប្រជាពលរដ្ឋ បានឃើញអំពីទិដ្ឋភាពផ្សេងៗតាមរយៈរូបថត ព្រោះនៅក្នុងសម័យតេជោ ប្រជាជនកម្ពុជារស់នៅក្រោមដំបូលនៃសុខសន្តិភាព ហើយមានឱកាសដើរកំសាន្តស្ទើរតែគ្រប់កន្លែងទាំងអស់នៅទូទាំងប្រទេស រួមជាមួយ Camera ថតរូប និងទូរសព្ទ័ស្មាតហ្វូនដែលខ្លួនមាន គឺបានផ្តិតរូបភាពទាំងអស់នោះ ហើយផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គម Facebook ក៏ដូចជាអ្នកសារព័ត៌មាន បានផ្សព្វផ្សាយនៅបណ្តាញសារព័ត៌មានផងដែរ ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ពីការជម្រុញទៅលើការថតរូប និងការផ្សព្វផ្សាយ ព្រោះរូបភាពគឺជាការផ្តល់នូវព័ត៌មាន ៥០% រួចស្រាច់ទៅហើយ រូបភាពទោះបីមិនបានផ្តល់នូវ Caption ចំណងជើង ឬក៏សារមួយចំនួន ប៉ុន្តែគេអាចមើលយល់អំពីសកម្មភាព និងយល់ច្បាស់អត្ថន័យនៃរូបភាពយ៉ាងដូចម្ត៉េចខ្លះ។ នៅក្នុងវិស័យសារព័ត៌មាន ការថតរូបក៏ជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការផ្តល់ព័ត៌មានភ្ជាប់ទៅជាមួយគ្នាដែរ។ បើនិយាយអំពីទូរទស្សន៍ វីដេអូ និងខ្សែភាពយន្ត ដែលចាក់បញ្ចាំង មិនចាំបាច់អត្ថាធិប្បាយក៏គេមើលយល់ដែរ។ រូបភាពដែលដាក់នៅក្នុងកាសែតសរសរបោះពុម្ព វាគឺជាខ្លឹមសារបំពេញបន្ថែមទៅលើអត្ថន័យដែលអានជាព័ត៌មាន ហើយភ្ជាប់ជាមួយរូបភាព មានន័យថា រូបអារម្មណ៍។

លោករដ្ឋមន្ត្រី បន្ថែមថា ការបង្កើតនូវកម្មវិធីប្រកួតថតរូបនេះឡើង ដើម្បីជម្រុញចលនាបន្ថែមអោយប្រើប្រាស់រូបភាពជាសារក្នុងការផ្សព្វផ្សាយ ជាពិសេសផ្សាយនូវព្រឹត្តការណ៍នៃពិធីបុណ្យប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ខាងមុខនេះ ដែលប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើរលេងកំសាន្តតាមតំបន់នានា តាមទីវត្តអារាម ហើយគាត់នឹងប្រើប្រាស់ camera ពិសេសទូរសព្ទ័ដៃស្មាតហ្វូន ដើម្បីថតរូប និងទិដ្ឋភាពផ្សេងៗ នៃការគោរពប្រតិបត្តិព្រះធម៍ ថតពីសកម្មភាពលេងល្បែងប្រជាប្រីយ៍ខ្មែរ ដែលនេះជាផ្នែកមួយនៃការចូលរួមលើកកម្ពស់ផ្នែកវប្បធម៍ ប្រពៃណី និងពុទ្ធសាសនា ក៏ដូចជាវិស៏យទេសចរណ៍ តាមរយៈការថតបង្ហោះរូបភាពនៅតំបន់រម្មណីដ្ឋានទេសចរណ៍ជាច្រើននៅក្នុងប្រទេសកម្ពុជា ។

រូបភាពទាំងអស់នៅគ្រប់ទីកន្លែងដែលបានបង្ហោះ និងផ្សព្វផ្សាយ គឺជាការឆ្លើយឆ្លងគ្នារវាងប្រជាជនដែលរស់នៅលើទឹកដីកម្ពុជា ដែលបានចូលរួមជាមួយប្រជាជនកម្ពុជា នៅក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ហើយក៏ជាការផ្សារភ្ជាប់រវាង វប្បធម៍ និងទេសចរណ៍ ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ជូនដែរថា ការប្រកួតប្រជែងថតរូប គឺដើម្បីទាញយកនូវសកម្មភាពនៃរូបភាពស្អាតៗ ហើយក៏ជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រកួតប្រជែង ថាតើខេត្តណាដែលបានរៀបចំព្រឹត្តការណ៍ សង្ក្រាន្តឆ្នាំថ្មីល្អជាងគេ ។

នាឱកាសនោះដែរលោកបានលើកពីគម្រោងបន្តកិច្ចសហការជាមួយក្រុមហ៊ុន OPPO ក្នុងការរៀបចំព្រឹត្តការណ៍ផ្សេងៗបន្ថែមទៀត ដើម្បីទាញនូវចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ ក៏ដូចជាផ្តល់នូវរូបភាពដែលជាសក្តានុពលទេសចរណ៍ វប្បធម៍ ប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនារបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ តាមរយៈរូបភាពដើម្បីចែករំលែក ។ កិច្ចការទាំងនេះក៏ជាការកសាងនូវមូលដ្ឋាននៃបណ្ណាសារឯកសាររូបភាព ហើយជាការផ្តល់នូវព័ត៌មានកំសាន្តពីពេលនេះផងដែរ ។

លោក មាលឺ អ្នកជំនាញបណ្តុះបណ្តាលផ្នែកថតរូបអស់រយៈពេល ១២ឆ្នាំ នៅប្រទេសកម្ពុជា ហើយជាគ្រូបង្រៀនថតរូបនៅ DMC បានលើកឡើងថា នៅក្នុងសម័យឌីជីថលនេះ រូបភាពមានតម្រូវការប្រើប្រាស់កាន់តែច្រើនជាងមុនបន្ថែមទៀត ហើយរូបភាពបានដើរតូនាទីសំខាន់ណាស់ក្នុងសង្គមកម្ពុជា ទាំងផ្នែកអភិវឌ្ឍន៍ ទេសចរណ៍ វប្បធម៍ សហគមន៍ រួមទាំងវិស័យផ្សេងៗទៀត ដើម្បីធ្វើអោយគេស្គាល់ប្រទេសជាតិ។

តែទោះជាយ៉ាងណា រូបភាពប្រៀបដូចអាវុធមុខពីរ ដូចជាថ្នាំពេទ្យដូច្នេះដែរ បើសិនជាអ្នកថតរូបទាំងអស់មិនបានស្វែងយល់អំពីសិទ្ធិឯកជនភាព ឬអ្វីដលគួរផ្សព្វផ្សាយ អ្វីដែលមិនគួរផ្សព្វផ្សាយដែរឬទេ ដែលធ្វើអោយការផ្សព្វផ្សាយរបស់យើង មានផលប៉ះពាល់ដល់សង្គមជាតិ និងប៉ះពាល់ដល់យើងជាអ្នកថតរូបផងដែរ។ រូបភាពគឺជាភាសាសកល ដែលយើងមិនបាច់ប្រើការសរសេរច្រើននោះទេ បើសិនយើងចេះបញ្ជូលនូវសមាសធាតុខ្លឹមសារនៃរូបនីមួយៗ គឺអាចផ្សព្វផ្សាយទៅកាន់ពិភពលោក អោយគេស្គាល់ពីប្រទេសកម្ពុជា វប្បធម៍ ទេសចរណ៍ សម្បត្តិធម្មជាតិ និងសក្តានុពលផ្សេងៗទៀតដែលកម្ពុជាមាន។

លោក ទូច ស៊ាងអ៊ុយ (Steven) នាយកគ្រប់គ្រងផែនការ តំណាងក្រុមហ៊ុន OPPO ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់លោក នេត្រ ភក្ត្រា ក្នុងការផ្តល់ឱកាសដល់ក្រុមហ៊ុន OPPO ដើម្បីធ្វើកិច្ចសហការបង្កើតនូវកម្មវិធី ការប្រកួតថតរូប «SEE CAMBODIA 2024» ដោយចែងចែកជា៤ ប្រធានបទផ្សេងៗគ្នា ដែលសុទ្ធសឹងតែពាក់ពន្ធ័នឹងទេសចរណ៍ និងវប្បធម៍នៃប្រទេសកម្ពុជា ។
ចំពោះប្រធានបទទី១ នៃការប្រកួតគឺពាក់ពន្ធ័នឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ «ទិដ្ឋភាពក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ» ដោយបងប្អូនទាំងអស់អាចធ្វើការថតរូបសកម្មភាពក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដោយប្រើប្រាស់ស្មាតហ្វូន រួច submit ចូលទៅកាន់ Link Website ដែលនឹងបង្ហោះនៅលើ Page OPPO ។

ចំពោះពានរង្វាន់សម្រាប់ការប្រកួតមាន, ជ័យលាភីលេខ« មានទឹកប្រាក់ ៤លានរៀល ទូរស័ព្ទដៃ OPPO Reno11 5G និងវិញ្ញាបនបត្រ ១សន្លឹក, ជ័យលាភីលេខ២ មានទឹកប្រាក់ ១លានរៀល ទូរស័ព្ទដៃ OPPO Reno11 F 5G និង វិញ្ញាបនបត្រ ១សន្លឹក, ជ័យលាភីលេខ3 មានទឹកប្រាក់ ៥០ម៉ឺនរៀល ថេប្លេត OPPO Pad Neo និងវិញ្ញាបនបត្រ ១សន្លឹក ជ័យលាភីលេខ៤ មានទឹកប្រាក់ ២០ម៉ឺនរៀល នាឡិកា OPPO Watch X និងវិញ្ញាបនបត្រ ១សន្លឹក ជ័យលាភីលេខ៥ មានទឹកប្រាក់ ១០ម៉ឺនរៀល កាស OPPO Enco Air3 និងវិញ្ញាបនបត្រ ១សន្លឹក ជ័យលាភីលេខ៦ ដល់ លេខ១០ ទទួលបានកាស OPPO Enco Buds2 ម្នាក់មួយគ្រឿង។

សម្រាប់លក្ខខណ្ឌ និងកាលបរិច្ឆេទក្នុងការប្រកួត ក្រុមហ៊ុន OPPO បានធ្វើការប្រកាសនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះហើយ៕