(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation – CGWIC ដឹកនាំដោយលោកស្រី ស៊ុយ នីង (Ms. CUI Ning) នាយិការងប្រចាំទ្វីបអឺរ៉ុប និងអាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជជែកពិភាក្សាបន្តជុំវិញគម្រោងក្នុងការបង្កើតកិច្ចសហការ រវាងក្រសួង និងក្រុមហ៊ុន លើការប្រើប្រាស់បច្ចេកវិទ្យាឈានមុខ ដើម្បីរួមចំណែកស្វែងរកដំណោះស្រាយ លើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ការបើកបរហួសល្បឿនកំណត់ដោយច្បាប់ និងការតាមដានយានយន្តដែលមិនចូលទៅក្នុងស្ថានីយថ្លឹងទម្ងន់ជាដើម៕