(ភ្នំពេញ)៖ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាមួយរូបភាពដ៏កម្របានឃើញមួយសន្លឹក បង្ហាញសកម្មភាពរួមភេទរបស់សត្វផ្សោត។ រូបភាពដ៏កម្រនេះថតដោយលោក ម៉េង គឹមឡុង តាមរយៈកាមេរ៉ាដ្រូន (រង់ចាំរយៈពេល៣ថ្ងៃ) កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅអន្លង់ផ្សោតកាំពី ខេត្តក្រចេះ។

ជាទូទៅផ្សោតអាចមានជីវិតរស់នៅក្នុងរង្វង់ពី២៧ ទៅ ៣០ឆ្នាំ ហើយអាចបន្តពូជបាននៅពេលដែលមានអាយុពី ៧ ទៅ ៩ឆ្នាំ។ ផ្សោតបង្កកំណើតតាមរយៈរួមភេទ ហើយផ្សោតញីពរពោះរយៈពេល១៤ខែ ដោយកើតម្តងបានកូនតែ១នោះទេ។ ផ្សោតអាចផ្តល់កំណើតម្តងទៀតក្នុងរយៈពេលពី ២ឆ្នាំ ទៅ ៣ឆ្នាំ។ ក្នុងនោះកូនផ្សោតដែលបានកើតមកភ្លាម អាចមានប្រវែង ១ម៉ែត្រ និងមានទម្ងន់ប្រមាណ ១០គីឡូក្រាម ហើយបៅដោះមេវាក្នុងរយៈពេល២ឆ្នាំដំបូង។

សត្វផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោក (Orcaella brevirostris) គឺជាសត្វផ្សោតមួយប្រភេទក្នុងចំណោមសត្វផ្សោតទឹកសាបតែ៦ប្រភេទគត់ នៅក្នុងពិភពលោក ហើយវាត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។ សត្វផ្សោតប្រភេទនេះ មានរស់នៅតែក្នុងប្រព័ន្ធទន្លេទន្លេចំនួនបីប៉ុណ្ណោះក្នុងពិភពលោកយើងនេះ រួមមានទន្លេមេគង្គ (កម្ពុជា) ទន្លេអាយ៉េវ៉ាឌី (មីយ៉ាន់ម៉ា) និងទន្លេមហាកាម (ឥណ្ឌូនេស៊ី)។ 
 
បច្ចុប្បន្នក្នុងរដូវប្រាំង ចាប់ពីខែមករា ដល់ខែឧសភា នៅពេលដែលកម្រិតទឹកធ្លាក់ចុះ សត្វផ្សោតប្រមូលផ្តុំគ្នារស់នៅក្នុងអន្លង់ទឹកជ្រៅចំនួនប្រាំបី តាមដងទន្លេមេគង្គលាតសន្ធឹងពីខេត្តក្រចេះ ទៅដល់ព្រំប្រទល់ប្រទេសឡាវ នៅខេត្តស្ទឹងត្រែង ក្នុងចម្ងាយ១៨០គីឡូម៉ែត្រ។

ផ្សោតទន្លេមេគង្គជារតនៈសម្បត្តិជាតិមានជីវិត ហើយប្រជាជនកម្ពុជាមានជំនឿថា «ទីណាមានផ្សោត ទីនោះមានត្រី»។ ទន្លេមេគង្គ ជាមាតានៃជីវិត និងជាជម្រកនៃសត្វផ្សោតទន្លេមេគង្គ។ ទន្លេនេះក៏ជាប្រភពមួយដ៏សំខាន់ ក្នុងការផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទាំងផ្នែកសង្គម និងសេដ្ឋកិច្ចសម្រាប់ការរស់នៅរបស់ប្រជាជន។ 

មន្ត្រីធ្លាប់បានគូសបញ្ជាក់ថា នៅក្នុងតំបន់អន្លង់ផ្សោតកាំពី ដែលមានទំហំជាង២០គីឡូម៉ែតក្រឡា ដោយរាប់ចាប់ពីតំបន់កោះទ្រង់ ដល់ តំបន់កាំពីស្រុកសំបូរ ក្នុងខេត្តក្រចេះ មានសត្វ ផ្សោតរស់នៅប្រមាណ ៣៥ ទៅ ៤០ក្បាល ក្នុងចំណោមសត្វ ផ្សោត សរុបចំនួន ៨៩ក្បាល ដោយបូកសរុបទាំងផ្សោតនៅ ខេត្តស្ទឹងត្រែង៕