(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃពីជាតិ ឆ្នាំរោង ឆស័កព.ស២៥៦៨ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៦៨អង្គ អបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម មហោធរទេវី ជាបុត្រីទី៧ របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់នាវេលាម៉ោង១០និង២៤នាទីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤។

ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី។

ពិធីនេះក៏បានបង្ហាញឲ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ ពិសេសក្នុងឧិកាសទទួលទេវតាឆ្នាំថ្មីដើម្បីបណ្តេញគ្រោះចង្រៃឧបទ្រុពផងទាំងពួងដែលកើតមានពីឆ្នាំចាស់ នឹងសុំពរជ័យពីទេវតាឆ្នាំថ្មី ក៏ដូចរួមចំណែកថែរក្សាប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌ជាតិដ៏ល្អផូរផង់។

នេះជាការចាប់ផ្តើមនៃការប្រារព្វពិធីសូត្រមន្តរាប់បាត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចស្ថាប័ននានានិងប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ឆ្នាំទី១ ដែលមានសម្តេចបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងស្របពេលដែលកម្ពុជាកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍន៏លើគ្រប់វិស័យជាពិសេសការអភិវឌ្ឍន៏នៅរាជធានីភ្នំពេញធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងក្រោមម្លប់សន្តិភាព។ប៉ុន្តែឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរត្រូវបានរៀបចំឲ្យមានភាពអធិកអធមកាន់តែផុលផុស និងបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋតាមរយះការរៀបចំឲ្យមានសង្គ្រាន្តនៅគ្រប់ទីកន្លែងតាំងសង្គ្រាន្តវត្តភ្នំ ក៏ដូចសង្គ្រាន្តតាមខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ព្រមទាំងតាមវត្តអារាម សាលារៀន ក្រុមហ៊ុនឯកជន និងមានការជួបជុំកំសាន្តសប្បាយយ៉ាងរីករាយ។

បច្ចុប្បន្ននេះ ក្រោមការដឹកនាំអភិវឌ្ឍដោយលោក ឃួង ស្រេង ក្រោមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យការអភិវឌ្ឍន៍ទីក្រុងបោះជំហានទៅមុខ ហួសពីការស្មាន។ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងពីការប្រារព្វកម្មវិធីសង្ក្រាន្តវត្តភ្នំនៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំរយះពេល៣ថ្ងៃក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានជូនដំណឹងពីការហាមឃាត់ មិនអនុញ្ញាតិឲ្យលេងល្បែងដែលមិនមែនជាប្រពៃណីវប្បធម៏ជាតិ នឹងត្រូវប្រកាន់ខ្ជាប់សេចក្តីថ្លៃថ្នូរ ចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចូលរួមទប់ស្កាត់ពីគ្រោះអគ្គីភ័យការ បើកបរត្រូវគោរពច្បាប់ចរាចរផ្លូវគោក បើកបរកុំពិសារគ្រឿងស្រវឹងជាដើម។

រដ្ឋបាលរាជធានីភ្នំពេញ បានគិតគូទៅលើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបសាធារណះក្នុងរាជធានីភ្នំពេញរួមទាំងលើកកំពស់ការប្រុងប្រយត្ន័ពីគ្រោះអគ្គីភ័យផងដែរធ្វើយ៉ាងណាឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ដំណើរការទៅដោយក្តីសប្បាយរីករាយ និងសុំពរជ័យពីទេវតាឆ្នាំថ្មីព្រះនាមហោធរទេវី សម្រាប់ឆ្នាំថ្មីនេះ៕