(កំពង់ធំ)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំពិធីសូត្រមន្តលើករាសី បួងសួងសុំសេចក្ដីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលបានធ្វើឡើងក្រោមវត្តមានលោក អុឹម សុឌីណា ប្រធានមន្ទីរ និងលោកស្រី សៀង លី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា ទាំងអស់ផងដែរ។

លោក អុឹម សុឌីណា និងលោកស្រី សៀង លី បានបួងសួងដល់វត្ថុស័ក្តិសិទ្ធនៅលើលោកនេះ និងទេវតាឆ្នាំថ្មី ដែលនឹងមកគ្រប់គ្រងភពផែនដីបន្ដពីទេវតាឆ្នាំចាស់ សូមប្រោះព្រំសព្វសាធុការពរជ័យសិរីមង្គលបវរមហាប្រសើរជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់បានទទួលនូវសុខភាពល្អ សេចក្ដីសុខ សេចក្តីចម្រើន ជោគជ័យរាល់ការបំពេញភារកិច្ចក្នុងឆ្នាំថ្មីនេះ។

ពិធីនេះជាការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ និងបង្ហាញពីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ស្របពេលប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមម្លប់នៃសន្ដិភាព ដែលរក្សាបាននូវខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គមដ៏ល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យនៃប្រជាជាតិកម្ពុជាទាំងមូល។

ការរៀបចំពិធីនេះដែរ ដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់មន្ត្រីរាជការឱ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទី ភារកិច្ចជូនរដ្ឋបាលខេត្តឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។ នៅក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ មន្ត្រីរាជការមន្ទីរដែនដីនគរបនីយកម្មសំណង់ និងសុរិយោដី ខេត្តកំពង់ធំ បានខិតខំបំពេញភារកិច្ចរបស់ខ្លួនដោយស្មារតីយកចិត្តទុកដាក់ ធ្វើឲ្យមន្ទីរដែនដីទាំងមូលទទួលបាននូវលទ្ធផលជោគជ័យជាច្រើន ពិសេសគឺមានភាពទំនាក់ទំនងយ៉ាងល្អជិតស្និទ្ធ ពីមន្ត្រី១ ទៅមន្ត្រី១ ក្នុងការអភិវឌ្ឍសមត្ថភាព និងជំនាញប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ផងដែរ៕