(កណ្ដាល)៖ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងលោកស្រី នៅព្រឹកថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីប្រារព្វពិធីបណ្ឌិត្យសភានគរបាលកម្ពុជា សង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

មុននឹងលេងល្បែងកម្សាន្តប្រពៃណីជាតិ ក៏មានការនិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល និងពូនភ្នំខ្សាច់ និងពិធីសំពះគ្រូ (អាស្រមលោកតាប្រុក) ព្រមទាំងមានការលេងកម្សាន្ត ល្បែងប្រជាប្រិយខ្មែរផ្សេងៗ។ នៅពេលល្ងាច មានកម្មវិធីពិសាបាយសាមគ្គីអបអរសាទរបណ្ឌិត្យសភានគរបាលកម្ពុជា សង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរ។

នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន បានថ្លែងថា ការរៀបចំនេះ គឺដើម្បីថែរក្សា ទំនៀមទម្លាប់ វប្បធម៍ ប្រពៃណីជាតិខ្មែរដ៍ល្អផូរផង់នេះ តួរយ៉ាងការរៀបកម្មវិធីនេះ ក៏ដើម្បីអបអរសាទរផងដែរ ដោយមានការចូលរួម ពីបងប្អូននគរបាលយ៉ាងច្រើនកុះករ រាំលេងកម្សាន្តសប្បាយសប្បាយ លេងល្បែងប្រពៃណីជាតិយ៉ាងសម្បូរបែប។ ពិសេសគឺរឹតចំណងមិត្តភាព សាមគ្គីភាព ភាតរភាព និងលើកទឹកចិត្ត ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីនគរបាល ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវ ក៏ដូចជាលើកទឹកចិត្តដល់និស្សិតសិស្ស និងសិក្ខាកាមទាំងអស់សិក្សារៀនសូត្រ និងគោរពវិន័យបានខ្ជាប់ខ្ជួរ នាពេលកន្លងមក។

លោកបន្តថា យើងអាចមានពេលវេលា និងឱកាសល្អ ក្នុងការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរយើងនេះ ក៏ដោយសារតែកត្តាប្រទេសជាតិ បានមានសុខសន្តិភាព ស្ថេរភាពនយោបាយ សេដ្ឋកិច្ចមានការរីកចម្រើន ពិសេសបងប្អូនប្រជាពលរដ្ឋសម្បូរសប្បាយធូរធារ និងមានឱកាសនៅក្នុងការជួបជុំរីករាយ គ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេស។

លោកថា កត្តាសុខសន្តិភាពនេះហើយ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនឡើង ដូច្នេះយើងទាំងអស់គ្នាត្រូវតែអរគុណសន្តិភាពអរគុណរាជរដ្ឋាភិបាល និងអរគុណជាអានេកប្បការ ដល់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាអគ្គមគ្គទេសន៍ឯក និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងតស៊ូ ដឹកនាំប្រទេសជាតិ ឲ្យសម្បូររុងរឿង រីកចម្រើនទៅមុខជាលំដាប់៕