(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន២ខ្នង នៅសាលាបឋមសិក្សា «សម្តេចពិជ័យសេនា ទៀ បាញ់ ថ្មស» ដែលមានកម្ពស់២ជាន់ ស្មើ៦បន្ទប់ ទទឹង៦ម៉ែត្របណ្តោយ៤៥ម៉ែត្រ ជាអំណោយសម្តេចពិជ័យសេនា និង១ខ្នងទៀត ជាអំណោយអ្នកឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ អាជ្ញាធរខេត្ត មន្ត្រីរាជាការគ្រប់ស្ថាប័ន កងកម្លាំងទាំង៣ប្រភេទ ព្រះសង្ឃ សិក្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមចំនួន ១,២០០នាក់ផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបានរំលឹកថា ក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះក្រោយការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា ដែលជាប្រទេសធ្លាប់តែរងខ្លោចផ្សាវិនាសហិនហោចព្រាត់ប្រាស់បែកបាក់ខូចខាតហេដ្ឋារចនាសម្ព័ន្ធ ស្ទើរខ្ទេចខ្ទី ស្មើសូន្យដោយសារភ្លើងសង្រ្គាមជាច្រើនទសវត្សរ៍មកនោះ តែមកដល់ពេលនេះធ្វើឱ្យមានភាពរីកចម្រើនមានការអភិវឌ្ឍគ្រប់វិស័យ និងមានធនធានមនុស្សយ៉ាងឆាប់រហ័ស។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ប្រទេសមានសន្តិភាព មានស្ថេរភាពមានសុវត្ថិភាពមានការអភិវឌ្ឍលើកគ្រប់វិស័យជាពិសេសថ្នាក់បណ្តុះបណ្តាលផ្នែកវិស័យអប់រំ គឺជាថ្នាល់បណ្តុះបណ្តាលធនធានមនុស្សបើគ្មានធនធានមនុស្សទេប្រទេសជាតិក៏គ្មានភាពរីកចម្រើនដែរ។ ដើម្បីឆ្លើយតប និងរាជរដ្ឋាភិបាលប្អូនៗ ក្មួយៗ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការសិក្សាជាចម្បង ត្រូវគេចឱ្យផុតពីគ្រឿងញៀនពីព្រោះប្អូនៗក្មួយៗ គឺជាទំពាំងស្នងឫស្សី។

សម្តេចពិជ័យសេនា ក៏រំឭកពីប្រវត្តិសាស្ត្រឃុំថ្មសនេះផងដែរ ដែលជាកន្លែងទីតាំងដែលសម្តេចបានលាក់ខ្លួនគេចពីការប៉ុនប៉ងសម្លាប់សម្តេចកាលពីសម័យប៉ុល ពត ជារបបប្រល័យពូជសាសន៍។

សម្តេចពិជ័យសេនា ទៀ បាញ់ ដែលជាអតីតយុទ្ធជនមួយរូបហ៊ានពលីកម្មគ្រប់បែបយ៉ាងដើម្បីរំដោះជាតិ បានបន្ថែមថា៖ «ឃុំថ្មសនេះ ហើយដែលសម្តេចបានចាប់ផ្តើមកកើតកងទ័ពចាប់ដៃជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីកែនទ័ព រំដោះប្រទេសជាតិ និងប្រជាពលរដ្ឋ។ ដូច្នេះយើងទាំងអស់គ្នារួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ត្រូវជឿជាក់ទៅលើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អាណត្តិទី៧ នេះកុំជឿលើការញុះញ៉ងរបស់អ្នកផ្សេងឱ្យសោះ យើងត្រូវរួបរួមគ្នាកសាងប្រទេសជាតិឱ្យមានភាពល្បីល្បាយមានកេរ្តិ៍ឈ្មោះបន្ថែមទៀតនៅលើឆាក់អន្តរជាតិ»

សម្តេច បានផ្តាំផ្ញើទៅលោកយាយលោកតាបងប្អូនក្មួយៗត្រូវចងចាំជានិច្ច អរគុណសន្តិភាព អរគុណនយោបាយឈះឈ្នះ អរគុណស្ថាបនិក៕