(កណ្តាល)៖ អាជ្ញាធរក្រុងអរិយក្សត្រកំពុងរៀបចំតុបតែងត្រៀមសម្រាប់កម្មវិធីសង្រ្កាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខណៈលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានឱ្យដឹងថា មូលដ្ឋានរបស់លោកក៏មានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាបុណ្យសំខាន់មួយរបស់ប្រទេសកម្ពុជា នឹងខិតជិតមកដល់នាពេលខាងមុខនេះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

លោកបានបន្តថា ក្រុងអរិយក្សត្រក៏មានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើនដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌យ៉ាងច្រើនផងដែរ។

ជាមួយគ្នានោះ លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង រួមជាមួយលោក ចាន់ តារា ព្រមទាំងមន្រ្តីរាជការនៃរដ្ឋបាលក្រុងអរិយក្សត្រ សូមគោរពថ្លែងអំណរចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវ ពេជ ច័ន្ទមុន្នីហ៊ុន ម៉ាណែត ដែលលោកខំពុះពាររៀបចំចាត់ចែងឱ្យមានការៀបចំសម្តែងសិល្បៈវប្បធម៌ ផ្សេងៗឱ្យមានការកើតមានឡើងមកវិញបន្ទាប់ពីមានការបាត់បង់ទៅជាយូរយាណាស់មកហើយនោះ ឥឡូវនេះឃើញសង្គមកម្ពុជាបច្បុបន្ននេះ មានការីកចម្រើនច្រើនផ្នែក ហើយពិភពលោទាំងមូល បានចាប់ផ្តើមស្គាល់ពីវប្បធម៌របស់ខ្មែរបានច្រើន។

លោកក៏សូមគោរពថ្លែងអរគុណ និងអរព្រះគុណព្រះមហាក្សត្រនៃយើង ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ ទាំងអស់ដែលបានជួយថែរក្សាសុខសុវត្ថិភាពល្អបរិបូរណ៍ជូនប្រជាជននៃកម្ពុជា៕