(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ សំណេះសំណាល និងនាំអំណោយចែកជូននាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

នាឱកាសនេះដែរលោក គីម រិទ្ធី បានពាំនាំនូវប្រសាសន៍ផ្តាំផ្គើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត នៅក្នុងឱកាសនៃការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងសូមជូនពរឆ្នាំថ្មី សិរីសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ សូមទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មេបញ្ជាការ មេបញ្ជាការរង នាយ និងពលទាហាន ដែលបានបំពេញតួនាទី និងភារកិច្ចក្នុងការការពារសន្តិភាព បូរណភាពទឹកដី អធិបតេយ្យជាតិ និងចូលរួមក្នុងការងារសង្គ្រោះគ្រោះមហន្តរាយ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងអភិវឌ្ឍនៅមូលដ្ឋាន ទទួលបានជោគជាទីមោទនៈ។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងទៀតថា ការជួបជុំអបអរសាទរសង្ក្រានឆ្នាំថ្មី គឺស្ថិតក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានបន្តដឹកនាំប្រទេស ក្នុងការប្រតិបត្តិមាគ៌ាដ៍ប្រពៃ និងមរតកនយោបាយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដែជាស្ថាបនិកនយោបាយឈ្នះឈ្នះ និងជាបិតាសន្តិភាពកម្ពុជា ដែលបានដាក់ចេញចក្ខុវិស័យកំណែទម្រង់សុីជម្រៅ កម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឱ្យមានការរីកចម្រើន សម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក គីម រិទ្ធី បានផ្តល់អនុសាសន៍មួយចំនួនដល់កងទ័ពក្នុងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ នូវកិច្ចការមួយចំនួនដូចខាងក្រោម៖

* ពង្រឹងការគោរពវិន័យ អនុវត្តន៍ តួនាទី ភារកិច្ច និងរបៀបរបបការងារឱ្យបានស្របតាមច្បាប់ ល័ក្ខន្តិកៈដោយឡែក នៃកងកម្លាំងប្រដាប់អាវុធ ប្រកាន់កោលជំហរសាមគ្គីភាព គោរពបទបញ្ជារតាមឋានានុក្រម។

* យកចិត្តទុកដាក់ផ្សព្វផ្សាយ និងបំផុសស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការដុតទៀន ធូប ភ្លើងចង្ក្រាន ភ្លើងអគ្គិសនី និងគ្រឿងឆេះផ្សេងៗ ដែលអាចបង្កជាអគ្គីភ័យ។

* ចូលរួមផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋឱ្យរៀបចំតុបតែងលម្អតាមគេហដ្ឋាន ដាក់ភ្លើងបំភ្លឺ រៀបចំទង់ជាតិ ពាក្យស្លោក និងរៀបចំតុបតែងសោភ័ណភាពនានា រៀបចំត្រៀមគ្រឿងសក្ការៈបូជានានា សម្រាប់ត្រៀមទទួលទេវតាឆ្នាំថ្មី។

* សហការជាមួយភាគីពាក់ព័ន្ធពង្រឹងវិធានការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រួលចរាចរណ៍ត្រៀមកម្លាំងអន្តរាគមន៍ករណីមានអគ្គីភ័យ គ្រោះថ្នាក់ផ្សេងៗ ឫបាតុភាពអសន្តិសុខណាមួយ បង្កលក្ខណៈល្អប្រសើរ ជូនភ្ញៀវទេសចរណ៍នានា ធ្វើដំណើរកំសាន្ត ចូលរួមគោរពច្បាប់ចរាចរណ៍ ចូលរួមលើកស្ទួយវប្បធម៍ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរយើង៕