(ពោធិ៍សាត់)៖ រដ្ឋបាលសាលាខេត្តពោធិ៍សាត់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ បាននិមន្តព្រះសង្ឃចំនួន ៧ព្រះអង្គ ធ្វើពិធីសូត្រ​មន្តចម្រើន​ព្រះបរិត្ត ដើម្បីបណ្តេញនូវឧបទ្រុបចង្រៃ ដែលនៅសេសសល់ពីឆ្នាំចាស់ និងដើម្បីទទួលអំណរអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស.២៥៦៧ គស.២០២៤ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ។

ពិធីនេះបានការអញ្ជើញចូលរួមពី លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ រីដា អភិបាលខេត្ត និងលោកស្រី អាំង សុជាតា ខូយរីដា, លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត  មន្រ្តីរាជការគ្រប់ទីចាត់ គ្រប់ការិយាល័យ និងអង្គភាពចំណុះឱ្យរដ្ឋបាលសាលាខេត្តពោធិ៍សាត់យ៉ាងច្រើនកុះករ។

បន្ទាប់ពីលោកអភិបាលខេត្ត និងលោកប្រធានក្រុមប្រឹក្សាខេត្ត បានអុជទានធូប លោកអាចារ្យក៏បានចាប់ផ្តើមសូត្រនមាស្សការថ្វាយបង្គំព្រះរតនត្រៃ ដើម្បីគោរពបូជាដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូ នៃយើងរួចមក, ព្រះសង្ឃក៏បានសូត្រស្វាធ្យាយជយន្តោ ប្រោះព្រហ្មនូវពុទ្ធមង្គលជ័យ សូមឲ្យទេវតាឆ្នាំថ្មី ព្រះនាម ÇមហោទរាទេវីÈ ត្រូវជាព្រះបុត្រីទី៧ នៃកបិលមហាព្រហ្ម ទ្រង់គង់លើសត្វក្ងោកឈ្មោល ជាយានជំនិះ ដែលបានយាងចុះមកអភិបាលរក្សាទឹកដីនៃកម្ពុជា ក៏ដូចជាខេត្តពោធិ៍សាត់ សូមឲ្យសន្តិភាពជារៀងរហូតតទៅ

សូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក មានគុណបុណ្យព្រះរតន:ត្រ័យកែវទាំងបី និងទេវតាឆ្នាំថ្មី ថ្វាយនូវសព្ទសាធុការពរ មហាសួស្តី មហាបវរ មហាប្រសើរ និងមហាវិបុលសុខគ្រប់ប្រការ ជូនចំពោះលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ រីដា អភិបាលខេត្ត និងលោកស្រី អាំង សុជាតា ខូយរីដា, លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត ព្រមទាំងបុត្រាបុត្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល សូមជួបប្រទះតែសេចក្តីសុខ ពុំមានជំងឺដង្កាត់ណាមកបៀតបៀន សូមឲ្យសុខភាពល្អបរិបូណ៌ និងមានកម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីឈានទៅដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តពោធិ៍សាត់ ឱ្យទទួលបានជោគជ័យបន្ថែមទៀតក្នុងឆ្នាំថ្មី ក្រោមការដឹកនាំប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃ និងភាពប៉ិនប្រសព្វ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសនោះ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ រីដា អភិបាលខេត្ត និងលោកស្រី អាំង សុជាតា ខូយរីដា ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត និងមន្រ្តីរាជការ បានទស្សនាការសម្តែងរបាំត្រុដិ ដែលជារបាំប្រពៃណីមួយ គេច្រើនលេងតែក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីប្រសិទ្ធពរជ័យ សិរីសួស្តី ជូនដល់អ្នកស្រុក ក៏ដូចជាថ្នាក់ដឹកនាំផងដែរ៕