(ព្រះសីហនុ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានបន្តបើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយស្តីពីសុវត្ថិភាពអគ្គិភ័យនៅតាមសហគ្រាស គ្រឹះស្ថានដល់តំណាងសហគ្រាស គ្រឹះស្ថានចំនួន៤វគ្គ រួមមាន ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង ដែលមានសិក្ខាកាមចូលរួមសរុប៤៩២នាក់ មកពីសហគ្រាស គ្រឹះស្ថានសរុប២២០។

គួររំលឹកថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានផ្សផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ០២ សរ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ស្ដីពីវិធានការអប់រំ បង្ការ និងពន្លត់អគ្គិភ័យ នៅតាមសហគ្រាស គ្រឹះស្ថាន ក្នុងវិស័យកម្មន្ដសាល និងឧស្សាហកម្មទេសចរណ៍ និងសេចក្ដីណែនាំលេខ ០០៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីការពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន។

លោកស្រីអនុប្រធាននាយកដ្ឋាន តំណាងលោកទន្តបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានមតិផ្ដាំផ្ញើដល់អ្នកចូលរួមបណ្ដុះបណ្ដាលទាំងអស់ ដែលក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះឱ្យពិនិត្យមើលចរន្តខ្សែភ្លើង និងឧបករណ៍ដែលប្រើដោយអគ្គិសនីឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីចៀសវាងមានបញ្ហាអគ្គិភ័យកើតឡើងអំឡុងពេលឈប់សម្រាក។

បន្ថែមពីនេះទៀត គណៈធិបតីបានសំណូមពរដល់ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ បើកទ្វារ បង្អួច និងប្រព័ន្ធត្រជាក់ មុនពេលឱ្យកម្មករនិយោជិតចូលក្នុងអគារផលិតកម្ម។

គួរបញ្ជាក់ថា អគ្គិភ័យជារឿងមួយដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ដែលមានការផ្សព្វផ្សាយ និងណែនាំពីមូលហេតុ និងការពារអគ្គិភ័យ ដោយក្រសួងស្ថាប័នផ្សេងៗ ក្នុងនោះក៏មានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ៕