(តាកែវ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញជំនឿចិត្តថា វិស័យអចលនទ្រព្យរបស់កម្ពុជា នឹងល្អប្រសើរឡើងវិញនាពេលខាងមុខ ខណៈមានក្រុមហ៊ុនអន្តរជាតិពីខាងក្រៅរៀបចំគម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា ហើយគម្រោងអភិវឌ្ឍន៍ទាំងនោះនឹងកាន់តែរឹងមាំ និងមានភាពធន់នឹងវិបត្តិសេដ្ឋកិច្ច ដូច្នេះសូមប្រជាពលរដ្ឋជឿទុកចិត្តលើដំណោះស្រាយរបស់រាជរដ្ឋាភិបាល។

ការបង្ហាញជំនឿចិត្តបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ជាការពិតណាស់បញ្ហាផ្ទះបុរីមានបញ្ហាគាំងដោយសារបញ្ហាកូវីដ១៩ តែរាជរដ្ឋាភិបាលក៏កំពុងខិតខំដោះស្រាយជាបន្តបន្ទាប់ ជាលំដាប់លំដោយ គ្រាន់តែយូរ ឬឆាប់ប៉ុណ្ណោះ។ រដ្ឋាភិបាលមិនអាចយករូបមន្តសម្លាប់មេមាន់នោះទេ តែត្រូវធ្វើយ៉ាងម៉េចឱ្យមេមាន់នៅរស់ ដើម្បីមានពងមាន់សម្រាប់បង្កើនចំនួនមេមាន់ ឬយកពងមាន់ខ្លះមកធ្វើម្ហូបអាហារជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការខិតខំដោះស្រាយបញ្ហា ការខិតខំបង្កើនលទ្ធភាពឱ្យប្រជាជនមានលទ្ធភាពទិញផ្ទះមុនកូវីដ១៩ រហូតមានបញ្ហាសេដ្ឋកិច្ច ក៏ប៉ុន្តែបច្ចុប្បន្ននេះ មានគម្រោងបុរីដែលជាប់គាំងដោយសារតែជួបវិបត្តិផ្ទួនៗ បានចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរៗ ដើរដោយប្រុងប្រយ័ត្ន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញជំនឿយ៉ាងដូច្នេះថា៖ «ហើយខ្ញុំជឿថា ទៅមុខទៀតវិស័យអចលនទ្រព្យនឹងឡើងវិញ វិបត្តិសេដ្ឋកិច្ចបែបនេះ វិបត្តិអចលនទ្រព្យនៅអាស៊ានយើងក៏ធ្លាប់មានពីមុនមកហើយនៅឆ្នាំ១៩៩៧ និងឆ្នាំ១៩៩៩ មួយរយៈនឹងឡើងវិញ ក៏ប៉ុន្តែនៅពេលលំបាកនេះ រាជរដ្ឋាភិបាលត្រូវធ្វើការយ៉ាងណាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណាដោះស្រាយជូន ហើយគោលដៅធំគឺប្រជាពលរដ្ឋ អតិថិជននេះឯង សូមទុកចិត្តចុះ»។

ជាមួយគ្នានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាល ការខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គឺជាគោលដៅធំបំផុត ហើយធ្វើយ៉ាងម៉េចឱ្យក្រុមហ៊ុនអភិវឌ្ឍន៍មានលំនឹងក្នុងការបន្តកសាង-ប្រគល់ផ្ទះជូនអតិថិជនរបស់ខ្លួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនបានដេកមើលការលំបាករបស់ប្រជាជននោះទេ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជារដ្ឋមន្ត្រីក្រសួងនេះ បាននិងកំពុងធ្វើការប្រចាំថ្ងៃជាមួយបុរី ជាមួយប្រជាពលរដ្ឋដែលជាអ្នកទិញ ដើម្បីដោះស្រាយបន្តិចម្ដងៗ ក្នុងនោះមានប្រជាពលរដ្ឋរាប់ម៉ឺននាក់ដែលបាននិងកំពុងដោះស្រាយជាបន្តបន្ទាប់។

គួរឱ្យដឹងថា ចាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ១៩ និងការផ្ទុះសង្គ្រាមនៅតាមបណ្តាប្រទេសមួយចំនួន បូករួមទាំងវិបត្តិអតិផរណាសកល បានបង្កឱ្យវិស័យមួយចំនួនធំនៅលើពិភពលោកជំនួបប្រទះនូវការលំបាក ដែលក្នុងនោះវិស័យអចលនទ្រព្យមួយផងដែរ ដែលត្រូវបានជាប់គាំជាខ្លាំង ត្រង់ចំណុចនេះមិនមែនកើតមានតែនៅប្រទេសកម្ពុជាមួយនោះទេ ប៉ុន្តែ វាបានជះឥទ្ធិពលទូទាំងសកលលោក៕