(ភ្នំពេញ)៖ រោងចក្រទឹកស្អាតបាក់ខែងជំហានទី៣ ដែលមានតម្លៃជាង១០០លានដុល្លារ និងមានសមត្ថភាពទឹកស្អាត១៩៥ពាន់ម៉ែត្រគូប នឹងចាប់ផ្តើមសាងសង់នៅខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីបង្កើនសមត្ថភាពផលិតទឹកស្អាតនៅរាជធានីភ្នំពេញ និងបង្កើនការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋចំណូលទាប ព្រមទាំងជួយបង្កើនសម្ពាធទឹកនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

លោក ស៊ឹម ស៊ីថា ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានគូសបញ្ជាក់ថា គម្រោងសាងសង់រោងចក្រទឹកស្អាតបាក់ខែងជំហានទី៣នេះ គឺជាគម្រោងសហហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា, រដ្ឋាភិបាលបារាំង និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
លោក ស៊ឹម ស៊ីថា គូសបញ្ជាក់បែបនេះធ្វើឡើង នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា addendum No.2 លើការងារឌីហ្សាញ និងការងារសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន វិនស៊ី ខុនស្ត្រាក់សិន ហ្គ្រង់ ប្រូហ្សេ (VINCI Contraction Grands Projects) នាល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ឈួន សំរិទ្ធិ អគ្គនាយកនៃអគ្គនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Jacques PELLET អគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។

ផ្អែកលើលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព  គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣មានទំហំទឹកប្រាក់សរុប២៤៧លានដុល្លារអាមេរិក ដោយអនុវត្តការងារសំខាន់ៗនៃគម្រោង រួមមាន ការរចនាប្លង់សម្រាប់ការងារសាងសង់ ក្រោមគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣, ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត សមត្ថភាពផលិត ១៩៥.០០០ម៉ែត្រក្នុងមួយថ្ងៃ(តម្លៃ១០៣លានដុល្លារអាមេរិក), ការសាងសង់ស្ថានីយបូមទឹកឆៅ , ការដាក់បំពង់មេនាំទឹកពីស្ថានីយបូមទឹកឆៅ ទៅរោងចក្រទឹកស្អាត , ការសាងសង់ស្ថានីយបូមទឹកស្អាត ដោយបំពាក់ម៉ូទ័របូមទឹកស្អាតចំនួន៤គ្រឿងប្រើប្រាស់បច្ចេកវិទ្យាបំរែបំរួលល្បឿន (VFD) និងមានប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្តិ SCADA, ការសាងសង់អាងស្តុកទឹកស្អាត ចំនួន ១, ការសាងសង់អគារវត្ថុធាតុដើម និងប្រព័ន្ធផលិតក្ល័រចំនួន ១, ការតំឡើងបំពង់មេនាំទឹកចាប់ពីទំហំ ៥០០ម.ម រហូតដល់ ១.៤០០ម.ម ប្រវែង៥១គីឡូម៉ែត្រ និងបំពង់ចែកចាយចាប់ពីទំហំ ៦៣ម.ម រហូតដល់ ៣០០ម.ម ប្រវែង៦៤០គីឡូម៉ែត្រ ,ការបំពាក់ម៉ូទ័របូមទឹកស្អាតចែកចាយ និងប្រព័ន្ធ SCADA,ការបំពាក់ប្រព័ន្ធពន្លឺព្រះអាទិត្យដែលមានសមត្ថភាពផលិតថាមពលអគ្គិសនី៣,៨មេហ្គាវ៉ាត់ក្នុងថ្ងៃ និងការបំពាក់ប្រព័ន្ធលូ និងប្រព័ន្ធបង្ហូរទឹកភ្លៀង។

លោក ស៊ឹម ស៊ីថា បានបញ្ជាក់ថា គម្រោងនេះនឹងចាប់ផ្តើមដំណើរការសាងសង់នាខែឧសភា ឆ្នាំ២០២៤ និងបញ្ចប់នាខែឧសភា ឆ្នាំ២០២៧ ដោយក្រុមហ៊ុនម៉ៅការសាងសង់មកពីប្រទេសបារាំងឈ្មោះ វិនស៊ីខុនស្ត្រាក់សិន ហ្គ្រង់ ប្រូហ្សេ (VINCI CONSTRUCTION GRANDS PROJETS)និងត្រួតពិនិត្យដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសមកពីប្រទេសបារាំងឈ្មោះ សាហ្វស(SAFEGE) ដែលមានរយៈពេល ៣៦ខែ។
លោកមានប្រសាសន៍ថា «តាមការរំពឹងទុក បន្ទាប់ពីរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ ត្រូវបានដាក់ឱ្យដំណើរការ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានសមត្ថភាពផលិតសរុបជាង មួយលានពីរសែនម៉ែត្រគូបក្នុងមួយថ្ងៃ (១.២០០.០០០ម៣ថ្ងៃ) និងអាចភ្ជាប់បណ្តាញជូនប្រជាពលរដ្ឋបន្ថែមចំនួន ១៤៧ពាន់គ្រួសារ ដែលអាចជួយសម្រួលដល់បន្ទុកចំណាយរបស់ពួកគាត់ ជាពិសេសអតិថិជនចំណូលទាប និងជួយបង្កើនសម្ពាធទឹកនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក៏ដូចជាលើកកម្ពស់សេវាកម្មរបស់ខ្លួនបន្ថែមមួយកម្រិតទៀត តាមរយៈការផ្គត់ផ្គង់ទឹកស្អាត ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្ដាហ៍»។

លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាទឹកស្វយ័តក្រុងភ្នំពេញ បានប្រាប់អ្នកសារព័ត៌មាន ថា គម្រោងសាងសង់រោងចក្របាក់ខែងជំហានទី៣នេះ គឺជាការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ស្ថានទូតបារាំង និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដើម្បីធានាបាននូវនិរន្តភាពនៃការផ្គត់ផ្គង់ទឹកស្អាត និងមិនមានឱ្យការខ្វះខាត។ ហេតុដូច្នេះហើយ រោងចក្របាក់ខែងជំហានទី៣នេះ គឺមានសារៈសំខាន់ណាស់ក្នុងការធានាដល់ការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹក ឱ្យបាន១០០% នៅឆ្នាំ២០២៧ ទៅលើទីតាំងដែលរដ្ឋាករទឹកបានគ្រោងទុក។

លោកបានបញ្ជាក់ថា យោងតាមការសិក្សាសមិទ្ធិលទ្ធភាព ការផលិតទឹកស្អាតរបស់រោងចក្របាក់ខែង ជំហានទី៣នេះ នឹងផ្គត់ផ្គង់នៅតាមបណ្តាយផ្លូវជាតិលេខ៦A ប៉ែកខាងជើង និងខាងត្បូងរាជធានីភ្នំពេញ និងតាមព្រំប្រទល់កំពង់ស្ពឺ-ភ្នំពេញ។

លោកជឿជាក់ថា គម្រោងសាងសង់រោងចក្របាក់ខែងជំហានទី៣នេះ នឹងរួចរាល់មុនផែនការ ដោយសារមានសម្ភារគ្រប់គ្រាន់។