(ភ្នំពេញ)៖ មន្រ្តីរាជការ ព្រះសង្ឃជាកម្មសិក្សាការីថ្នាក់មេត្តា ថ្នាក់ករុណា ថ្នាក់គុណភាព ថ្នាក់គុណធម៌ ថ្នាក់នវានុវត្តន៍ ថ្នាក់វិន័យ នាយកដ្ឋានរដ្ឋបាលនៅសាលាភូមិន្ទរដ្ឋបាល នាល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានរួមគ្នាធ្វើសង្រ្កាន្តសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៤។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសិក្ខាកាមគ្រប់ថ្នាក់។

លោក យក់ ប៊ុនណា បានថ្លែងនូវការកោតសសើរដល់កម្មសិក្សាការីទាំងអស់ដែលបានរួមគ្នា សហការគ្នា ក្រោមម្លប់សន្តិភាពដឹកនាំដោយរាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណេត រៀបចំបានសង្រ្កាន្តមានភាពអធិកអធម ពោរពេញដោយសាមគ្គីភាព លើកតម្កើងបាននូវអត្តសញ្ញាណជាតិ វប្បធម៌ជាតិ ប្រពៃណីជាតិ មោទនភាពជាតិខ្មែរ។

លោកស្រី ឡា បុប្ផា ជាកម្មសិក្សាការីបានប្រាប់ឱ្យដឹងថា សង្ក្រាន្តសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៤ បានរៀបចំឱ្យមានជាការសម្តែងរបាំត្រុដិ ល្បែងប្រជាប្រីយ៍មាន៖ទាញព្រ័ត្រ ចោលឈូង លាក់កន្សែង ដណ្តើមស្លឹកឈើ ខ្សឹបផ្កា និងបូមទឹកដាក់ដប រាំដណ្តើមកៅអី បោះអង្គុញ និងវាយក្អម ការសម្តែងសំពត់ចងក្បិន និងរបៀបសំពះខ្មែរ ពិធីសំណាងសង្ក្រាន្តការសម្តែងរបាំនេសាទ រាំវង់ ក្បាច់ និងការសម្តែងរាំ​ «ខ្ញុំស្រលាញ់អ្វីដែលខ្មែរមាន»

លោកស្រី ឡា បុប្ផា បានបន្ថែមថា ក្នុងសង្រ្កាន្តនោះដែរ មានការរៀបជាស្តង់តាំងនិងភ្លក់អាហារស្នាដៃកម្មសិក្សាការីឆ្នាំ២០២៤ មាន៖សាច់គោអាំង នំប៉័ង សាច់ក្រកគោ គងចាយ៉ នំខ្មែរ បាញ់ឆែវ នំបង្អែមចម្រុះ ទឹកកកឈូស ទឹកដូងក្រអូប នំខ្មែរ(នំបត់ នំគម នំអន្សមជ្រូក អន្សមចេក) ផ្លែឈើ (ស្វាយ ត្របែក ពុទ្រា) នំបញ្ចុក សម្លរខ្មែរ អាម៉ុកត្រី ប្រហុកខ្ទិះ ពងទាកូន នំខ្មែរ សម្លរការីសាច់មាន់ ក្រឡាន ណែមត្រី បុកល្ហុង ពងទាកូនតាកែវ ទឹកត្នោតផ្អែមទុកយូរមានជូរ ម្ជូរកូនអ្នកគុណភាព បង្អែមក្រឡោជី ចេកខ្ចី ម្ជូរ ផ្លែឈើតាមរដូវកាល ភេសជ្ជៈ។

កម្មសិក្សាការីជាមន្ត្រីរាជការ ព្រះសង្ឃទាំងអស់សូមអរគុណដល់ឯកឧត្តម យក់ ប៊ុនណា ដែលបានផ្តួចផ្តើមគំនិតរៀបចំសង្រ្កាន្តនិងលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក បារមីទេវតារក្សាព្រះស្វេតឆត្រ ទេវតាឆ្នាំថោះ និងទេវតាឆ្នាំថ្មីឆ្នាំរោង ព្រមទាំងបារមីទេវតារក្សាអង្គរ សូមតាមប្រោះព្រំ បីបាច់ថែរក្សា ឯកឧត្តម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ លោក លោកស្រី លោកគ្រូ អ្នកគ្រូ និង ក៏ដូចជាបងប្អូនកម្មសិក្សាការីថ្នាក់ទាំង៦ ក្នុងឆ្នាំ២០២៤ គ្រប់ៗក្រុមគ្រួសារទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរនិងពរប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕