(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងការចោទប្រកាន់របស់អ្នកស្រាវជ្រាវវៀតណាម អះអាងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបម្រើផ្នែកយោធាចិន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដោយសង្កត់ធ្ងន់ថា កម្ពុជាគ្មានច្បាប់អនុញ្ញាត ឱ្យមានវត្តមានកងទ័ពបរទេសលើទឹកដីខ្លួននោះឡើយ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយអត្ថបទស្រាវជ្រាវមួយសរសេរដោយវិទ្យាស្ថានអភិវឌ្ឍន៍ការស្រាវជ្រាវបូព៌ា (Oriental Research Development Institute) ប្រទេសវៀតណាម វាយប្រហារថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជាគម្រោងមួយដែលបម្រើឱ្យសេដ្ឋកិច្ច-សង្គមកម្ពុជា ប៉ុណ្ណោះទេ ក៏ប៉ុន្តែព្រែកជីកនេះ ក៏មានតម្លៃចម្បងបម្រើឱ្យវិស័យយោធារបស់ចិនផងដែរ។ អ្នកស្រាវជ្រាវវៀតណាម ក៏ចោទប្រកាន់ថា គម្រោងព្រែកជីកនេះ ប៉ះពាល់ដល់បរិស្ថាន ជាពិសេសទន្លេងមេគង្គយ៉ាងធ្ងន់ធ្ងរ។

សម្តេចធិបតី បានអះអាងថា​ គម្រោងសាងសង់ព្រែកជីក​ហ្វូណន-តេជោ ដើម្បីបម្រើប្រយោជន៍សេដ្ឋកិច្ច ពោលគឺមិនមែនបម្រើផ្នែកយោធាបរទេសឡើយ។ សម្តេច បានបន្តថា គម្រោងព្រែកជីកហ្វូណន-តេជោ ត្រូវបានសិក្សាដោយក្រុមអ្នកជំនាញជាតិ និងអន្តរជាតិសរុបប្រមាណ ៤០នាក់ ដែលមានបច្ចេកច្បាស់លាស់ មិនឱ្យទឹកទន្លេមេគង្គហូរចូលសមុទ្រនោះឡើយ ហើយក៏បានគោរពតាមច្បាប់អន្តរជាតិស្តីពីទន្លេមេគង្គផងដែរ។

ក្នុងឱកាសអញ្ជើញសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃមុននេះ មានអ្នកវិភាគខ្លះគាត់ចេញមកថា ធ្វើនេះ (គម្រោងព្រែកជីកហ្វូណនតេជោ) ដើម្បីឱ្យមហាអំណាចមួយ យកនាវាចម្បាំងដាក់ប្រទេសមួយទៀត បង្កើតហានិភ័យ។ ខ្ញុំសុំប្រាប់ ទី១៖ រដ្ឋធម្មនុញ្ញកម្ពុជាគ្មានឱ្យមូលដ្ឋានទ័ពបរទេសនៅលើទឹកដីខ្លួនទេ ហើយកម្ពុជាគ្មានមហិច្ឆតា ឬគ្មានគោលគំនិត គ្មានភាពក្លាហាននៅក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញ ខ្លួនឯងនោះទេ យើងមិនឱ្យប្រទេសណាដាក់មូលដ្ឋានទ័ពនៅក្នុងទឹកដីកម្ពុជានោះទេ ទី២ យើងមិនឱ្យប្រើប្រទេសយើងជាមូលដ្ឋានប្រឆាំងប្រទេសណាទេ កុំថាមូលដ្ឋានទ័ព សូម្បីតែធ្វើសកម្មភាពផ្សេងៗប្រឆាំងប្រទេសណាមួយ ក៏យើងមិនឱ្យនោះដែ នេះជាមូលដ្ឋានរបស់យើង»

សម្តេចធិបតី បានបន្តទៀតថា កម្ពុជា រាប់រកមិត្តគ្រប់ទីកន្លែងដោយសុខសន្តិភាព ហើយកម្ពុជាគ្មាននយោបាយធ្វើសត្រូវជាមួយប្រទេសណាមួយនោះឡើយ គឺមានតែការចងមិត្តភាព។

លោកបណ្ឌិត សុខ ទូច អ្នកស្រាវជ្រាវរបស់កម្ពុជាដ៏ឆ្នើមមួយរូប បានលើកឡើងថា កម្ពុជាត្រូវតែធ្វើព្រែកជីកហ្វូណនតេជោឱ្យបាន ទោះបីជាមានការរារាំងគ្រប់មធ្យោបាយ ពីខាងភាគីវៀតណាម បែបណាក៏ដោយ។

ក្នុងឱកាសរៀបចំសន្និសីទសារព័ត៌មាន ដើម្បីឆ្លើយតបចំពោះ​ការមួលបង្កាច់មកលើកម្ពុជាជុំវិញ ករណីព្រែកជីកហ្វូណនតេជោ នាល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សុខ ទូច យល់ថា ការវាយប្រហាររបស់វៀតណាមនេះ ផលប្រយោជន៍វៀតណាម មានធំជាងអាមេរិកទៅទៀត តែគេចេះឆក់ឱកាស វាយឱកាស កម្ទេចឱកាស និងពិនិត្យពិច័្ចយយកឱកាស។ វៀតណាមឆក់ឱកាស នៅពេលដឹងថា អាមេរិកបារម្ភ ៣ចំណុច ចំពោះចិន គឺបារម្ភទី១ ចិនចូលមក បារម្ភទី២ ចិនបង្កើតសក្តានុពេលសេដ្ឋកិច្ច និងបារម្ភទី៣ យុទ្ធសាស្ត្រចិនដាក់ផ្កាយរណប គេអាចទាក់ទាញយុទ្ធសាស្ត្រនៅក្នុងអាស៊ីអាគ្នេយ៍ ដែលធ្វើឱ្យមានការគ្រប់គ្រងងាយស្រួល វៀតណាមឆក់ឱកាសភ្លាម។

ទាក់ទងនឹងចំណុចនេះ លោកបណ្ឌិត បានអះអាងថា វៀតណាមឆក់ឱកាស ដោយសារចំណេញ៣ចំណុច រួមមាន៖

* ចំណេញទី១៖ គេអត់ចង់ឱ្យយើងមានផែទឹកជ្រៅ គេស្រួលធ្វើពាណិជ្ជកម្ម
* ចំណេញទី២៖ គេអត់ចង់ឱ្យយើងមាននាវាកម្រិតទឹកជ្រៅ ធម្មតាកម្ពុជាក៏អាចទិញនាវាល្អៗបានដែរ នៅពេលដែលមាននាវាទឹកជ្រៅ
* ចំណេញទី៣៖ គេបារម្ភ នៅពេលយើងមានសមត្ថភាពគ្រប់គ្រាន់ យើងមានលទ្ធភាពគ្រប់គ្រាន់ យើងមានសក្តានុពលដ៏អស្ចារ្យមួយ គេឆក់ឱកាសចាប់ដៃជាមួយអាមេរិក។

លោកបណ្ឌិតក៏បន្ថែមទៀតថា «វៀតណាម ចង់យកបញ្ហាហ្នឹងទៅវាយឱ្យមានរលកនយោបាយ ហើយឱ្យពួកបញ្ចឹមប្រទេស ពួកអឺរ៉ុប ពួកអាមេរិក មិនចង់ទិញផលិតផលរបស់កម្ពុជា ដោយហ៊ុមព័ទ្ធ ព្រោះគេធ្លាប់ហ៊ុមព័ទ្ធអ្វីដែលកើតមានមកហើយ។ អីចឹង ឱកាសហ្នឹងវៀតណាមយកដើម្បីឱ្យកម្ពុជាចុះខ្សោយ ហើយគេចាប់ផ្តើមពង្រឹងសមត្ថភាពរបស់គេ ឱ្យកម្ពុជាខ្ចីច្រមុះវៀតណាមដកដដែល»

បើតាមលោកបណ្ឌិត បើនិយាយអំពីរឿងបរិស្ថានវិញ វៀតណាមបានធ្វើឱ្យប៉ះពាល់បរិស្ថានធ្ងន់ធ្ងរណាស់ តែបែរជាមករិះគន់កម្ពុជារឿងព្រែកជីកហ្វូណនតេជោ ថាប៉ះពាល់បរិស្ថានទៅវិញ។ លោកបណ្ឌិត បានប្រៀបប្រដូចករណីនេះថា រឿងបរិស្ថាន វៀតណាមកំពុងចង្អុលមកកម្ពុជា តែកុំភ្លេចថា ម្រាមដៃ៣ទៀត កំពុងចង្អុលមកខ្លួនឯង។

លោកបណ្ឌិត សុខ ទូច បានបញ្ជាក់បន្ថែម «ដូច្នេះ ខ្ញុំជឿថា កម្ពុជាក្នុងករណីណាមួយ យើងក៏អាចរស់បានដែរ។ រស់ដោយពឹងលើសមត្ថភាពរបស់ខ្លួន ហើយយើងត្រូវតែធ្វើ ត្រូវតែហ៊ានធ្វើ។ ខ្ញុំមកនិយាយនេះ មិនមែនតួនាទីប្រធានរាជបណ្ឌិត្យសភាទេ គឺក្នុងនាមអ្នកស្រាវជ្រាវ។ ដូច្នេះ ហើយយើងជាកូនខ្មែរទាំងអស់គ្នា យើងរួមគ្នាធ្វើ ដើម្បីផលប្រយោជន៍ជាតិយើង ព្រោះយើងមានផែទឹកជ្រៅយូរហើយ ខ្ញុំមិនរម្លឹកទេ ផែចំនួន៣ ត្រូវចងចាំ តែឥលូវយើងអត់មាន»

ពាក់ព័ន្ធនឹងព្រែកជីកហ្វូណនតេជោនេះ ដំបូងរដ្ឋាភិបាលវៀតណាម បានបង្ហាញការព្រួយបារម្ភអំពីបរិស្ថាន ហើយភាគីកម្ពុជាក៏បានពន្យល់រួចហើយដែរ។ ប៉ុន្តែ កន្លងមកនេះ អ្វីដែលលើកឡើងដោយរដ្ឋាភិបាលវៀតណាម ដូចជាមិនផុសផុល តែក៏ស្រាប់តែចេញពីអ្នកសិក្សាស្រាវជ្រាវទៅវិញ ហើយបន្ទោរដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក។

ឆ្លើយតបចំពោះរឿងនេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចេញច្រានចោលទាំងស្រុងទៅនឹងការចោទប្រកាន់នេះដែរ។ សម្តេចបញ្ជាក់ថា ព្រែកជីហ្វូននេះ ធ្វើឡើងដើម្បីផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ហើយគ្មានការចាំបាច់ណាដែលត្រូវការកងទ័ពចិននោះទេ។

សម្តេចចោទសួរថា កម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការគោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ?

សម្តេចបានអំពាវនាវកុំឱ្យមានការមួលបង្កាច់កម្ពុជា ក្នុងគោលបំណងប្រឆាំងចិនតទៅទៀត ដោយលើកឡើងថា៖ «យើងសូមអំពាវនាវ សូមកុំមួលបង្កាច់យើង ក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយអី ឈប់បានឈប់ទៅ។ យើងក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើងដូចពួកអ្នកឯងដែរ ហើយខួរក្បាលរបស់ពួកអ្នកឯងក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ សំណាងត្រង់ពួកអ្នកឯងកើតក្នុងប្រទេសអ្នកមាន ឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកឯងមើលងាយពួកខ្ញុំ»៕