(តាកែវ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ដោយសប្បាយទាំងអស់គ្នា សប្បាយដោយការគោរពគ្នា ទៅវិញទៅមក។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន សូមចូលរួមឲ្យសប្បាយ យើងបង្កើតនូវល្បែងសម្បូរបែប ប៉ុន្តែទីមួយ សូមយកចិត្តទុកដាក់ ចាប់អារម្មណ៍ជំរុញលេងឲ្យបានច្រើន ល្បែងប្រពៃណីរបស់យើង [...] ល្បែងប្រពៃណីយើងច្នៃបានច្រើន»

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យល្បែងប្រពៃណីឲ្យបានច្រើន រៀបចំនៅកន្លែងសាធារណៈ និងរៀបចំកន្លែងរាំវង់រាំក្បាច់ ដោយមិនមែនមានន័យថា មិនឲ្យរាំបទញាក់នោះទេ តែយើងក៏មិនភ្លេចរាំរបាំរបាំប្រពៃណីផងដែរ។ សម្ដេចបានថ្លែងថា «ការអភិវឌ្ឍ និងការអភិរក្សវាទៅជាមួយគ្នា»

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ឆ្នាំនេះសង្រ្កាន្តអង្គរ អត់បានធ្វើទេ តែសង្រ្កាន្តខេត្តសៀមរាប និងសង្រ្កាន្តតាមបណ្តាខេត្តផ្សេងៗទូទាំងប្រទេស បានរៀបចំធ្វើទាំងអស់គ្នា សូមបងប្អូនប្រជាពលរដ្ឋចូលរួម លេងសប្បាយជាមួយ ល្បែងប្រជាប្រិយទាំងអស់គ្នា។

សូមជម្រាបថា បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងប្រព្រឹត្ដិទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕