(តាកែវ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងវិនិយោគចំនួន ២៦៨គម្រោង ត្រូវបានអនុម័តក្នុងឆ្នាំ២០២៣ ក្នុងនោះមានគម្រោងថ្មីចំនួន២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១ ជាមួយនឹងទុនវិនិយោគសរុបចំនួន ៤.៩ពាន់លានដុល្លារអាមេរិក ដែល អាចបង្កើតការងារបានជាង ៣០ម៉ឺនកន្លែង។

ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៤ គិតត្រឹមត្រីមាសទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុប ប្រមាណ ២.២ ពាន់លានដុល្លាអាមេរិក និងអាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។

ការថ្លែងរបស់សម្តេចធ្វើឡើង ក្នុងឱកាសអញ្ជើញសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតីបានថ្លែងថា ការចុះបញ្ជីគម្រោងវិនិយោគ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍ របស់កម្ពុជា ខុសពីប្រទេសផ្សេង។ នៅប្រទេសផ្សេង ឧទាហរណ៍ចុះបញ្ជីគម្រោងវិនិយោគ ១០០គេអនុម័ត ដោយមួយចំនួនធ្វើ ឬមួយចំនួនទៀតមិនធ្វើ ប៉ុន្តែនៅកម្ពុជាមុនអនុម័ត ភាគច្រើនមានលក្ខខណ្ឌតម្រូវ គឺត្រូវមានទីតាំងច្បាស់លាស់ មានកុងត្រាជួលច្បាស់លាស់ ដែលបង្ហាញពីឆន្ទះពិតប្រាកដថា ពិតជាបោះទុនវិនិយោគ។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា «អ្នកខ្លះថា នាយករដ្ឋមន្ត្រីថ្មី ដើរតែទាក់ម៉ូយ ទាក់ខ្យល់ ឥឡូវខ្ញុំប្រាប់ហើយ ក្នុងមួយត្រីមាសដំបូងឆ្នាំនេះ មាន១០៦គម្រោង ដែលបានដាក់ចិត្តចុះបញ្ជី ហើយធ្វើកិច្ចការងារបំពេញលក្ខខណ្ឌជាច្រើននៅកម្ពុជា»

សម្តេចបានបន្ថែមថា សម្តេចនឹងបន្តទាក់ទាញអ្នកវិនិយោគ ឱ្យមកកម្ពុជាបន្ថែមទៀត ហើយប៉ុន្មានថ្ងៃមុននេះ មានក្រុមអ្នកវិនិយោគមកពីម៉ាកាវ ហុងកុង អឺរ៉ុប កូរ៉េ បានមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្តេចបន្ថែមថា នៅខែឧសភាខាងមុខនេះ សម្តេចនឹងចេញទៅប្រទេសកូរ៉េ ដើម្បីចរចាបន្ថែមទៀត លើការទាក់ទាញវិនិយោគមកកម្ពុជា។

សម្តេចបន្តថា ការទាក់ទាញអ្នកវិនិយោគ ឱ្យមកវិនិយោគនៅកម្ពុជា មិនមែនជារឿងងាយស្រួលទេ រាប់ចាប់តាំងពីការបង្កើតបរិយាកាសអំណោយផល ការលើកទឹកចិត្តផ្សេងៗ ការថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គមជាដើម។

សម្តេចបានណែនាំឱ្យក្រសួងស្ថាប័នជំនាញ និងអាជ្ញាធរដែនដី ត្រូវខិតខំបំពេញការងារ ដោយសម្របសម្រួលធ្វើយ៉ាងណា ឱ្យគម្រោងវិនិយោគ ដែលគ្រោងបោះទុនវិនិយោគ ក្នុងភូមិសាស្ត្ររបស់ខ្លួន អាចដំណើរការបានស្រួល និងមាននិរន្តភាព។

សម្តេចបានថ្លែងថា «ខ្ញុំបានត្រឹមតែទាក់ម៉ូយមកទេ តែមកមិនមក គេសប្បាយចិត្ត គេជោគជ័យមិនជោគជ័យអាស្រ័យ លើក្រសួងស្ថាប័នដែលដឹកនាំសម្របសម្រួលលើកទឹកចិត្តផ្ទាល់លើគោលនយោបាយ ជាមួយអាជ្ញាធរដែនដី ខិតខំសម្រួលឱ្យគេធ្វើបាន ហើយមាននិរន្តរភាព»

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ការសម្រួលឱ្យគម្រោងវិនិយោគ អាចវិនិយោគបានរលូន មិនត្រឹមជួយជំរុញកំណើនសេដ្ឋកិច្ចជាតិនោះទេ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ទទួលបានផល ពីគម្រោងវិនិយោគនេះផងដែរ ដូច្នេះការងារទាក់ទាញវិនិយោគ គឺជាការងារអាទិភាព របស់រាជរដ្ឋាភិបាល៕