(វៀងច័ន្ទ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានលើកឡើងថា កម្ពុជា-ឡាវ បន្តពង្រឹង និងពង្រីកចំណងមិត្តភាព នៃរណសិរ្សទាំងពីរឱ្យកាន់តែមានភាពជិតស្និទ្ធ និងរឹងមាំយូរអង្វែង

ការលើកឡើងរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឡើងជំនួបទ្វេភាគីជាមួយលោកបណ្ឌិត ស៊ិនឡាវង្ស ឃុតផៃធូន ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សអភិវឌ្ឍជាតិឡាវ បានរៀបចំឡើងនៅសណ្ឋាគារ ឡែនម៉ាក នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ នារសៀលថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

ថ្លែងក្នុងជំនួបនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រណសិរ្សប្រទសឡាវ ដែលបានទទួលគណៈប្រតិភូកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំ និងការចុះអនុស្សរណៈយោគយល់គ្នារវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម បានដំណើរការទៅដោយរលូន។

សម្តេចក៏បានគូសរំលេចនូវចំណងសាមគ្គីភាព និងចំណងទំនាក់ទំនងដ៏ល្អជាប្រពៃណី នៃប្រទេសទាំងពីរដែលមានតាំងពីយូរលង់ណាស់មកហើយ។ បន្ទាប់មកទៀត សម្តេចក៏បានលើកឡើងអំពីវឌ្ឍនភាពរបស់រណសិរ្ស​ និងបន្តរឹតចំណងសាមគ្គីភាពរវាង ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកបណ្ឌិត ក៏បានកោតសសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលម្ពុជា ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ព្រមទាំងមានយុវជនបន្តវេន ប្រកបដោយសក្តានុពល រួមជាមួយយុទ្ធសាស្រ្តបច្ចកោណដំណា់កាលទី១ ដ៏មុតស្រួចដែលអាចធ្វើឱ្យកម្ពុជាឈានចូល ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ព្រមទាំងចំណងសាមគ្គីភាពរណសិរ្ស នៃប្រទេសទាំងពីរក៏មានទំនាក់ទំនងល្អក្នុងការអនុវត្ត ការងារនាពេលកន្លងមក ព្រមទាំងបានលើកឡើងអំពីទំនាក់ទំនងអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង ឡាវ-កម្ពុជា។