(សៀមរាប)៖ ក្នុងសប្ដាហ៍ទី១ (ថ្ងៃទី១-៥) នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារសហគមន៍ នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ បានបន្តចុះពិនិត្យទីតាំងស្នើសុំជួសជុល និងសាងសង់តូចតាចរបស់ប្រជាពលរដ្ឋអ្នកស្រុកអង្គរ រស់នៅតាមក្រុង/ស្រុកទាំង៥ សរុបចំនួន៤៩ករណី។

ដោយក្រុមការងារបានសម្រេចអនុញ្ញាតជួសជុល ដូចជា៖ ប្ដូរដំបូលផ្ទះ ប្ដូរសសរពុកផុយមួយចំនួន ប្ដូរជញ្ជាំងធ្លុះធ្លាយ និងសាងសង់តូចតាចដូចជា៖ ទ្រុងមាន់ រោងគោ បង្គន់អនាម័យ និងទ្រុងជ្រូកជាដើម៖ ព្រោះថា ជាទីតាំងដែល មានមនុស្ស រស់នៅជាប្រចាំថ្ងៃ និងមានតំរូវការចាំបាច់។

* ស្រុកពួកអនុញ្ញាតបានចំនួន១២ករណី
* ស្រុកប្រាសាទបាគងអនុញ្ញាតបានចំនួន២ករណី
* ស្រុកអង្គរធំអនុញ្ញាតបានចំនួន១៨ករណី
* ក្រុងសៀមរាបអនុញ្ញាតបានចំនួន១៤ករណី
* ស្រុកបន្ទាយស្រីអនុញ្ញាតបានចំនួន៣ករណី

ចំពោះប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតខាងលើ ក្រុមការងារបច្ចេកទេសបានជួយរៀបចំគំនូសប្លង់ ដែលមានស្ថាបត្យកម្មបែបប្រពៃណីជូនពួកគាត់ផងដែរ។ រាល់ការស្នើសុំច្បាប់ គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។

ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។ ដូច្នេះអាជ្ញាធរជាតិអប្សរា សង្ឈឹមថាបងប្អូនប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឱ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងឭ ពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕