(បាត់ដំបង)៖ លោកស្រី ញ៉ែម សាខន ស ខេង និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារសាមគ្គី រវាងថ្នាក់ដឹកនាំ ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១១៖០០នាទីថ្ងៃត្រង់ នៅមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង។

បន្ទាប់ពីសុន្ទរកថាស្វាគមន៍ នាឱកាសនោះ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបងរួចមក, លោកស្រី ញ៉ែម សាខន ស ខេង និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានប្រសាសន៍សំណេះសំណាល ជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ ទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំនេះ ព្រមទាំងបានផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីរាជការថ្នាក់ក្រោម យើងយ៉ាងជិតស្និទ្ធផងដែរ។

នេះជាការលើកទឹកចិត្ត និងផ្តល់ជាកិត្តិយសដ៏ធំធេង ក្នុងការចូលរួមក្នុងពិធីពិសារអាហារសាមគ្គី រវាងថ្នាក់ដឹកនាំជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង នាពេលនេះ។ ថ្នាក់ដឹកនាំមន្ទីរ ក៏បានជូនកន្ត្រកផ្កា ដល់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រីផងដែរ៕