(ភ្នំពេញ)៖ នៅមជ្ឈមណ្ឌលឱកាសខ្ញុំ នាល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានរៀបចំពិធីសង្រ្កាន្តឆ្នាំថ្មី រួមមាន៖ ជាកម្មវិធីប្រកួតកីឡាបាល់ទាត់ វាយក្អម លាក់កន្សែង របាំនេសាទ ចោលឈូង ទាញព្រ័ត្រ រាំលេងកំសាន្ត ចង្វាក់ប្រពៃណីខ្មែរ។

ថ្លែងក្នុងនាមថ្នាក់ដឹកនាំ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សមាជិកលេខាធិការដ្ឋាន គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ បានស្វាគមន៍ និងថ្លែងពីការខិតខំប្រឹងប្រែងគណៈគ្រប់គ្រង មន្រ្តី បុគ្គលិកទាំងអស់ ដែលបានពួតដៃគ្នាជួយ និងផ្តល់អនាគតថ្មី ដល់ជនរងគ្រោះដោយសារគ្រឿងញៀន។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ និងលោកស្រី ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណ: បានសាទរចំពោះការយកចិត្តទុកដាក់ សុខទុក្ខ ផ្តល់ក្តីសង្ឃឹមដល់យុវជនរងគ្រោះ ដោយសារគ្រឿងញៀន ដែលកំពុងសម្រាកព្យាបាល ផ្តាច់សារធាតុញៀន ដើម្បីក្លាយជាប្រជាពលរដ្ឋល្អ មានប្រយោជន៍ដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ ឆន្ទះមុតស្រួចដោយបានដាក់ការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាការងារអាទិភាពនៅមុំទី១ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ពង្រីកការងារផ្សព្វផ្សាយអប់រំផ្តល់ចំណេះដឹង ដល់ប្រជាពលរដ្ឋបានយល់ដឹង មិនប្រើប្រាស់គ្រឿងញៀន បង្រ្កាបជនល្មើសករណីគ្រឿងញៀន ព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងសមាហរណកម្មអ្នកជាសះស្បើយទៅក្នុងសហគមន៍វិញ៕