(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកសិក្សាស្រាវរបស់កម្ពុជា បានលើកឡើងថា បើនិយាយអំពីរឿងបរិស្ថានវិញ វៀតណាមបានធ្វើឱ្យប៉ះពាល់បរិស្ថានធ្ងន់ធ្ងរណាស់ តែបែរជាមករិះគន់កម្ពុជារឿងព្រែកជីកហ្វូណនតេជោ ថាប៉ះពាល់បរិស្ថានទៅវិញ។

លោកបណ្ឌិត បានប្រៀបប្រដូចករណីនេះថា រឿងបរិស្ថាន វៀតណាមកំពុងចង្អុលមកកម្ពុជា តែកុំភ្លេចថា ម្រាមដៃ៣ទៀត កំពុងចង្អុលមកខ្លួនឯង។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីឆ្លើយតបចំពោះ អត្ថបទស្រាវជ្រាវមួយសរសេរដោយវិទ្យាស្ថានអភិវឌ្ឍន៍ការស្រាវជ្រាវបូព៌ា (Oriental Research Development Institute) ប្រទេសវៀតណាម ដែលបានមួលបង្កាច់កម្ពុជា ទាក់ទងនឹងព្រែកជីកហ្វូណនតេជោ លោកបណ្ឌិតសភាចារ្យ បានបង្ហាញហេតុផល ៥ចំណុច ដែលអាមេរិក និងវៀតណាម មានប្រវត្តិធ្វើឱ្យប៉ះពាល់ដល់បរិស្ថានកម្ពុជា តំបន់ និងពិភពលោក។

លោកបានបញ្ជាក់ថា៖ «មានប្រទេសច្រើនណាស់នៅខាងលើទន្លេមេគង្គដែលធ្វើវារីអគ្គិសនី តើអ្នកបានគិតទេ កម្ពុជាជីកព្រែកហ្វូណនតេជោមួយ មិនស្មើនឹងវារីអគ្គិសនីនៅខាងលើមួយទេ»។ លោកបន្តថា វៀតណាមក៏ត្រូវដឹងដែរថា វៀតណាមដឹកស្រូវនឹងទូក នៅវៀតណាមខាងត្បូង ដែលផ្លូវទឹកទាំងនោះបានមកពីការជីកព្រែក ដែលវៀតណាមបានធ្វើកន្លងទៅ តើវៀតណាមបានគិតទេ បើគិតលើចំណុចបរិស្ថាន?

លោកបន្តទៀតថា៖ «វៀតណាមមុននឹងសម្លឹងគេ គួរតែសម្លឹងខ្លួនឯង អ្នកឯងចង្អុលគេ(ម្រាមដៃ)មួយ តែអ្នកឯងចង្អុល៣មកខ្លួនឯង»។ លោកបញ្ជាក់បន្ថែមថា កម្ពុជាជាប្រទេសមួយដែលមិនបានបំផ្លាញបរិស្ថានច្រើនទេ សូម្បីតែអ្នកទិញឈើពីកម្ពុជា ហើយបើគិតពីបរិស្ថាន មិនគួរគាស់ពីកម្ពុជាទៅដាំនៅ​វៀតណាមទេ។

លោកបណ្ឌិត បានបន្តថា៖ «អ្នកឯងកាប់ឈើមកដាំកាហ្វេ ពីបង្គោលលេខ០ មកដល់បង្គោល៣០ អ្នកឯងដាំកាហ្វេទាំងអស់ តើអ្នកឯងមានគិតបរិស្ថានទេ កន្លែងនេះយើងត្រូវមើលរឿងបរិស្ថានដែលវៀតណាមវាយបកមកកម្ពុជា»