(ភ្នំពេញ)៖ សមាគមអ្នកចែកចាយឱសថកម្ពុជា បានរៀបចំសន្និបាតប្រចាំឆ្នាំ ដាក់ទិសដៅការងារឆ្នាំ២០២៤ និងឆ្នាំបន្ដ រួមទាំងធ្វើកម្មវិធីសមាជលើកទី១ អាណត្ដិទី២ ក្រោមប្រធានបទ «លើកកម្ពស់ការប្រកបអាជីវកម្មស្របច្បាប់ ដើម្បីបង្កើនចំណូលពន្ធជូនរដ្ឋ»

ពិធីនេះបានធ្វើឡើងកាលចុងសប្ដាហ៍នេះ ដែលមានការអញ្ជើញចូលរួមដោយឧកញ៉ាវេជ្ជបណ្ឌិត តាន់ គីមម៉េង សហប្រធានក្រុមការងារ ឋ សភាពាណិជ្ជកម្មកម្ពុជា,​ លោកវេជ្ជបណ្ឌិត ស៊ាន ស៊ិនឌី ប្រធានសមាគមអ្នកចែកចាយឱសថកម្ពុជា និងគណៈអធិបតី សមាជិកចូលរួមជាច្រើនរូបទៀត ដែលប្រព្រឹត្ដទៅនៅភោជនីយដ្ឋានទន្លេបាសាក់ ២។

លោកវេជ្ជបណ្ឌិត ស៊ាន ស៊ិនឌី បានគូសបញ្ជាក់ សន្និតបាតដែលបានរៀបចំធ្វើឡើងនេះ គឺបានបញ្ចប់ទៅប្រកបដោយភាពជោគជ័យ និងទទួលបានផ្លែផ្កាជាច្រើន ។ទន្ទឹមនឹងនោះ «យើងបានរួមគ្នា បន្ថយសកម្មភាពគណៈកម្មការប្រយុទ្ឋប្រឆាំងឱសថអន់គុណភាព និងឱសថក្លែងក្លាយ ដែលបានបង្កផលវិបាកជាច្រើនដល់ក្រុមហ៊ុនឱសថ។ បច្ចុប្បន្នគណៈកម្មកាមួយនេះ ក៏ត្រូវបានក្រសួងមហាផ្ទៃ លុបចោលរួចរាល់ផងដែរ»

ក្នុងឱកាសនោះលោកប្រធានសមាគម វេជ្ជបណ្ឌិត​ ស៊ាន ស៊ិនឌី បានសរុបបញ្ហា និងសំណូមពរផងដែររួមមាន៖
១៖ ពន្លឿនការចេញលិខិតអនុញាតនាំចេញនាំចូល មកនៅត្រឹមរយៈពេល ៣-៥ថ្ងៃ នៃថ្ងៃធ្វើការ
២៖ សុំបង្កើតគណកម្មការ ចុះវាយតម្លៃរោងចក្រនៅបរទេស មុនអនុញ្ញាតឱ្យចុះបញ្ជិកា
៣៖ ក្រសួងសុខាភិបាល បន្តប្រកាសផ្សព្វផ្សាយពីការនាំចូលស្របច្បាប់ និងមានពិន័យធ្ងន់ធ្ងរសម្រាប់ការនាំចូលខុស
៤៖ Post Marketing test សំណូមពរយក Samples ពីឱសថស្ថាន និងពីក្រុមហ៊ុន និងសំណូមពរបញ្ជូនទៅទាំងបន្ទះ ឬប្រអប់

គួរបញ្ជាក់ថា ក្នុងអង្គសន្និបាតខាងលើនេះ ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គីមម៉េង ក៏បានឡើងបង្ហាញពីប្រវត្តិនៃការបង្កើតសភាពាណិជ្ចកម្មកម្ពុជា និងសកម្មភាពដែលកំពុងបន្ត គឺការចូលរួមជំរុញ និងពន្លឿនការងារមួយចំនួនទាក់ទងនឹងក្រសួងសុខាភិបាល ដូចជាលិខិតអនុញ្ញាតនាំចូលនាំចេញការចុះបញ្ជិកា Variationជាដើម។ ដោយមានការប្រជុំជាទៀងទាត់ ដើម្បីប្រមូលធាតុចូល និងដាក់សំណើរទៅក្រសួងសុខាភិបាលដើម្បីសុំការប្រជុំផងដែរ។

ក្នុងនោះលោក ពៅ រត្ថនាជាតិ អនុប្រធានសមគមបានធ្វើបទបង្ហាញលម្អិត ពីសកម្មភាពសមាគមកន្លងមកទាំងក្នុងនិងក្រៅប្រទេស និងការលើកទិសដៅសម្រាប់ឆ្នាំខាងមុខ ដូចជា បង្កើនសមាជិកភាព, រៀបចំការប្រជុំប្រចាំខែយ៉ាងទៀងទាត់ ដើម្បីពិភាក្សានិងដោះស្រាយករណីចាំបាច់ ដែលទាក់ទងនិងសមាជិកសមាគម ដោយដោះស្រាយតាមផ្លូវច្បាប់ និងតាមលទ្ឋភាព នូវបញ្ហាវិវាទរវាងក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀត៕