(ស្វាយរៀង)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងគូសបញ្ជាក់ពីការគោរពក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន និងការរាយការណ៍ព័ត៌មានដែលត្រឹមត្រូវ ពិតប្រាកដ ដើម្បីចូលរួមចំណែកនៅក្នុងការអភិវឌ្ឍន៍សង្គម។

ការថ្លែងរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានដែលកំពុងអនុវត្តន៍ការងារក្នុងខេត្តស្វាយរៀង ។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នាមន្ទីរព័ត៌មានខេត្តស្វាយរៀង ដោយមានអញ្ជើញចូលរួម លោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។

លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា មានប្រសាសន៍លើកឡើងពី កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន អង្គភាព ជាមួយអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋ ហើយនៅក្នុងបរិបទនៃប្រពន្ធ័ផ្សព្វផ្សាយទំនើប មានល្បឿនលឿនក្នុងការផ្សាយព័ត៌មាននេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់អ្នកសារព័ត៌មានទាំងអស់មុននឹងធ្វើការផ្សព្វផ្សាយ ត្រូវធ្វើការផ្ទៀងផ្ទាត់ប្រភពអោយបានច្បាស់លាស់ ស្រាវជ្រាវព័ត៌មានអោយគ្រប់ជ្រុងជ្រោយ ក្តាប់អោយជាប់នូវព័ត៌មាន ដើម្បីផ្សព្វផ្សាយទៅ ត្រូវតែជាព័ត៌មានពិត មិនមែនជាព័ត៌មានក្លែងក្លាយ មិនមឬនជាព័ត៌មានប្រឌិត ដែលនាំអោយសាធារណៈជនមានការភណ្ឌច្រឡំ ព្រោះថាប្រពន្ធ័ផ្សព្វផ្សាយទំនើបនេះ មានល្បឿនលឿន បើសិនការផ្សព្វផ្សាយមិនត្រឹមត្រូវ ផ្សាយមិនបានផ្ទៀងផ្ទាត់បានល្អនោះទេ នឹងធ្វើអោយប្រជាពលរដ្ឋ ដែលជាអ្នកទទួលព័ត៌មាន ប្រាកដជាពុលព័ត៌មាន ហើយព័ត៌មានមិនត្រឹមត្រូវ នាំអោយមានការគិតខុស សម្រេចចិត្តខុស និងវាយតំលៃខុស ។

លោក រដ្ឋមន្រ្តី មានប្រសាសន៍លើកឡើងថា អ្នកសារព័ត៌មាន មិនមែនជាមន្រ្តីនគរបាលយុត្តិធម៍ មិនអាចទៅចាប់គេបាននោះទេ ហើយអ្នកសារព័ត៌មាន មិនមែនជាតុលាការ ដែលត្រូវកាត់ក្តីគេអោយខុស ឬត្រូវនោះទេ, អ្នកសារព័ត៌មាន មិនមាន អធិបញ្ជា អាចបញ្ជាអ្នកនេះ អ្នកនោះបានទេ ។ អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយ ប្រកបដោយប្រភពច្បាស់លាស់ បើសិនជាអ្នកសារព័ត៌មាន គ្មានប្រភពទេ គឺពិបាកសរសេរណាស់ មិនអាចសរសេរគ្រាន់តែឮគេថាបាននោះទេ ។

ដូច្នេះហើយទាមទារអោយអ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តន៍កិច្ចការងារដោយគោរពក្រមសីលធម៍វិជ្ជាវៈ ដើម្បីពង្រឹងប្រសិទ្ធិភាព និងគុណភាពការងារ ធ្វើអោយមានការទទួលស្គាល់ អោយតំលៃពីសាធារណៈជន ហើយក៏ដើម្បីភាពរស់រានរបស់ប្រពន្ធ័ផ្សព្វផ្សាយផងដែរ ។

នៅក្នុងឱកាសនេះដែរ លោក នេត្រ ភក្ត្រា បានថ្លែងការកោតសរសើរចំពោះអាជ្ញាធរខេត្ត និងអ្នកសារព័ត៌មានក្នុងខេត្តស្វាយរៀង ដែលបានរួមសហការគ្នាក្នុងការផ្សព្វផ្សាយព័ត៌មានពិត ។ តាមរយៈនេះ ឯកឧត្តម បានស្នើដល់អ្នកសារព័ត៌មានមួយចំនួនតូចដែលមានការប្រើប្រាស់ភាសាអសុរ ជេរប្រមាថដល់មន្រ្តីរាជការសាធារណៈ ប៉ះពាល់ដល់សិទ្ធិបុគ្គលបុគ្គល ការបរិហារកេរ្តិ៍ សូមជៀសវាងលុបបំបាត់ការបំពាន ព្រោះអ្វីដែលអ្នកសារព័ត៌មានមួយចំនួនកំពុងប្រព្រឹត្ត គឺបានប្រាស់ចាកក្រមសីលធម៍ វិជ្ជាជីវៈសារព័ត៌មាន ដែលអាចឈានទៅការប្រឈមមុខចំពោះការអនុវត្តច្បាប់ ឬការអនុវត្តវិធានការរដ្ឋបាល នៅចំពោះមុខក្រសួងព័ត៌មាន ។

លោករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន មកធ្វើការចុះបញ្ជីអោយបានត្រឹមត្រូវ ហើយការចេញបណ្ណសារព័ត៌មាន នឹងមានភ្ជាប់ QR Code ដើម្បីប្រតិបត្តិការការងារជាអ្នកសារព័ត៌មាន ស្របតាមផ្លូវច្បាប់ ហើយក្រសួងព័ត៌មាន ផ្តល់នូវមេធាវីជួយការពារដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈបានត្រឹមត្រូវតាមផ្លូវច្បាប់ និងស្របតាមក្រមសីលធម៍វិជ្ជាជីវៈអ្នកសារព័ត៌មាន ។

បន្ថែមលើសពីនេះលោកប៉េង ពោធិ៍សាអភិបាលខេត្តស្វាយរៀង បានថ្លែងនូវការអរគុណចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលកន្លងមកនេះ បានជួយផ្សព្វផ្សាយព័ត៌មាន អំពីវឌ្ឍនភាពនៃការអភិវឌ្ឍខេត្ត ព្រមទាំងសកម្មភាពការងាររបស់មន្ត្រីរាជការ ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត ដែលកំពុងបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យប្រជាពលរដ្ឋទូទៅបានដឹង ដោយរួមគ្នាជួយរិះគន់ ក្នុងន័យស្ថាបនា ដើម្បីចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍ខេត្ត ឲ្យកាន់តែមានការរីកចម្រើន ។

លោក អភិបាលខេត្តស្វាយរៀង បានសំណូមពរដល់បងប្អូនសារព័ត៌មាន មុននឹងចុះផ្សព្វផ្សាយព័ត៌មានអ្វីមួយ សូមធ្វើការទំនាក់ទំនងមកអ្នកនាំពាក្យរដ្ឋបាលខេត្ត ឬទំនាក់ទំនងជាមួយមន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ដើម្បីបានព័ត៌មានកាន់តែច្បាស់យកទៅធ្វើការផ្សព្វផ្សាយឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ។

បន្ទាប់ពីស្តាប់នូវរបាយការណ៍បូកសរុបការងាររបស់ លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង រួចមក លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីពិធីរំលឹកខួប ១៦ឆ្នាំ វិទ្យុ FM ជាតិ រំដួលស្វាយរៀង (២០០៨-២០២៤) ដែលពិធីនេះបានរៀបចំធ្វើនៅបរិវេណមន្ទីរព័ត៌មានខេត្តស្វាយរៀងផងដែរ៕