(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា តាមការព្រមាន របស់អង្គការសហប្រជាជាតិ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ សីតុណ្ហភាពនៅលើភពផែនដី នឹងឡើងក្តៅខ្លាំងបំផុត ដែលពុំធ្លាប់ជួបប្រទះពីមុនមក។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «តាមការព្រមានជាមុន របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ សីតុណ្ហភាព នៅលើភពផែនដី នឹងឡើងក្តៅខ្លាំងបំផុត ដែលពុំធ្លាប់ជួបប្រទះពីមុនមក ដែលជាលទ្ធផល នៃបន្សំបាតុភូតពីរ គឺឥទ្ធិពលឧស្ម័នផ្ទះកញ្ចក់ និង បាតុភូតឧតុនិយមអែលនីណូ (El Nino)»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដែលការណ៍នេះ នឹងអាចធ្វើឲ្យមានភ្លៀងព្យុះ, គ្រោះរាំងស្ងួតចម្លែក, ប្តូរទម្លាប់អាកាសធាតុ ដែលកន្លែងខ្លះ មានភ្លៀងច្រើនពេក និងកន្លែងខ្លះ កាន់តែរាំងស្ងួតខ្លាំងជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងស្មារតីនេះ ត្រូវសហការ និងគិតគូរទុកជាមុន ប្រកបដោយស្មារតីបុរេសកម្ម ក្នុងការរិះរកយន្តការពង្រឹងបន្ថែម លើការរៀបចំប្រព័ន្ធស្តុកទុកទឹក សម្រាប់ត្រៀម ដោះស្រាយបញ្ហាដីនានា ដែលអាចកើតមានជាយថាហេតុ ដើម្បីធានាបាននូវធនធានទឹកគ្រប់គ្រាន់ សម្រាប់វិស័យកសិកម្ម និងការប្រើប្រាស់ របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ឲ្យបន្តខិតខំអនុវត្ត ឲ្យបានកាន់តែប្រសើរនូវតួនាទីភារកិច្ចរបស់ខ្លួន ឲ្យបានប្រកបដោយការទទួលខុសត្រូវ មានមនសិការវិជ្ជាជីវៈ និងការច្នៃប្រឌិតខ្ពស់ ដើម្បីសម្រេចបាននូវជោគជ័យថ្មីៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមអំពាវនាវដល់ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធ បន្តផ្តល់ការគាំទ្រ និងកិច្ចសហការ ក្នុងភាពជាដៃគូពិតប្រាកដ ដល់ក្រសួងធនធានទឹក និងឧតុនិយម និងស្ថាប័នក្រោមឱវាទ ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ឲ្យបានកាន់តែប្រសើរឡើងទៀត។

លើសពីនោះទៀត ត្រូវបន្តរៀបចំ ទំនើបកម្មស្ថាប័នរបស់ខ្លួន និងបង្កើតវប្បធម៌គុណាធិបតេយ្យ នៅក្នុងគ្រប់ស្ថាប័ន ដើម្បីចូលរួមកសាងជាតិមាតុភូមិ សម្រាប់កូនចៅជំនាន់ក្រោយ។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត៕