(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សមិទ្ធផល និងវឌ្ឍនភាពក្នុងវិស័យធនធានទឹក និងឧតុនិយម នឹងមិនអាចកើតមាននោះទេ ប្រសិនបើកម្ពុជាពុំមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម។

ការថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីបិទសន្និបាតបូករសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របសក្រសួងធនធានទឹកនិងឧតុនិយម នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «សមិទ្ធផល និងវឌ្ឍនភាពក្នុងវិស័យធនធានទឹកនិងឧតុនិយមនឹងមិនអាចកើតមាននោះទេ ប្រសិនបើកម្ពុជាពុំមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម»

សម្ដេចបានបន្តថា «កម្ពុជាបានឆ្លងកាត់ការលំបាកជាច្រើនឆ្នាំដោយសារសង្គ្រាម ហើយទើបតែរយៈពេល២៥ឆ្នាំចុងក្រោយនេះ ដោយកម្ពុជាសម្រេចបាននូវសុខសន្តិភាពពេញលេញ និងឯកភាពជាតិនៅទូទាំងប្រទេសតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា»។

រាជរដ្ឋាភិបាលបានអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណអស់៤ដំណាក់កាលប្រកបដោយជោគជ័យ និងសម្រេចបានសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលធ្វើឱ្យកម្ពុជាផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈ ទាំងនៅក្នុងតំបន់ និងឆាកអន្តរជាតិ។

សម្ដេចធិបតីបានបន្តទៀតថា ឈរលើមូលដ្ឋានបទពិសោធន៍កន្លងមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព នីងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

សម្ដេចបានបន្ថែមថា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រដ៏មុតស្រួចនេះ រាជរដ្ឋាភិបាលបានបន្តរក្សាបានចលនការរឹងមាំនៃវិស័យសន្តិសុខ សន្តិភាព កំណើន និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ក៏ដូចជាសន្ទុះនៃកិច្ចអភិវឌ្ឍប្រទេសជាតិក្នុងការឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងការកសាងភាពធន់ក្នុងវិស័យសាធារណៈ​ សេដ្ឋកិច្ច ហិរញ្ញវត្ថុ សង្គម និងបរិស្ថាន​ ព្រមទាំងភាពធន់នៃវិស័យធនធានទឹកនិងឧតុនិយម ដែលយើងទាំងអស់គ្នាបាននិងកំពុងដុតដៃដុតជើងក្នុងការអនុវត្ត ដើម្បីសម្រេចបានតាមគោលដៅកំណត់ និងរួមចំណែកក្នុងការសម្រេចបានចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕