(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ និងតាមការណែនាំរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) មន្ត្រីជំនាញតែងតែរៀបចំចុះធ្វើការរអនុវត្តយុទ្ធនាការ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារ នានាក្នុងក្របខណ្ឌទូទាំងប្រទេសដូចភ្លៀងរលឹម។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ លោក ង៉ែត ចេក អគ្គនាយករង ក.ប.ប.បានដឹកនាំសាខា ក.ប.ប.រាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ទីពាណិជ្ជកម្មរាជធានីភ្នំពេញ និងគណៈកម្មាធិការផ្សារធំថ្មីបាននាំយករថយន្ត ពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះត្រួតពិនិត្យ និងដកយកសំណាកគំរូចំនួន ៤៤រួមមាន បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក ប្រហុកផ្អក គ្រឿងសមុទ្រ សរសៃគុយទាវ មី បង្អែម ជាដើម ដើម្បីយកមកវិភាគនៅក្នុងរថយន្តពិសោធន៍។

ជាលទ្ធផលបានរកឃើញផលិតផល បង្អែមនំបាញ់ឌុក លតខៀវ មានវត្តមានសារធារធាតុគីមីហាមឃាត់ បូរ៉ាក់ចំនួន ១៣គីឡូក្រាម ត្រូវបានដកហូត តាមនីតិវិធី ព្រមទាំងបានអប់រំ ណែនាំ ធ្វើកិច្ចសន្យាឱ្យបញ្ឍប់នូវការប្រើប្រាស់ សារធាតុគីមីហាមឃាត់ជាបន្ទាន់។ ករណីពិនិត្យឃើញមានលើកក្រោយទៀតនឹងប្រឈម ចំពោះមុខច្បាប់ជាធរមាន។

បន្ទាប់មកបានចុះត្រួតពិនិត្យទំនិញ តាមម៉ាតនៅមូលដ្ឋានខណ្ឌដូនពេញ លើផលិតផល ប្រភេទកាដូ សាដក់ និងទំនិញប្រើប្រាស់ផ្សេងទៀត ក្នុងឱកាសសង្ក្រានឆ្នាំថ្មីនេះផងដែរ បានរកឃើញ ទំនិញហួសកាលបរិច្ឆេទ មានគ្រឿងស៊ុប ម្សៅបំពង និងគ្រឿងទេស ចំនួន១៣.៣៧គីឡូក្រាម ដោយធ្វើការដកហូត និងពិន័យអន្តរការណ៍តាមនីតិវិធី។

ក្នុងឱកាសនោះដែរ លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ ក៏បានពន្យល់ អប់រំ ណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមានឯកសារពាក់ព័ន្ធ ដឹងពីប្រភពច្បាស់លាស់ ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំឱ្យមានការដាក់លាយបន្ថែម នូវសារធាតុគីមី ហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេស ទៅលើផលិតផល ម្ហូបអាហារ នាំឲ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំ ដល់អាជីវករទាំងអស់ឱ្យដាក់តាំងលក់ ផលិតផលទំនិញឱ្យត្រូវតាមលក្ខណៈ បច្ចេកទេសដោយញែកដាច់ចេញពីគ្នា រវាងផលិតផលប្រើប្រាស់ដែលជាសារធាតុគីមី និងម្ហូបអាហារ ការដាក់តាំងលក់ ផលិតផលភេសជ្ជៈ ត្រូវកំដៅថ្ងៃ និងចេះពិនិត្យមើលផលិតផលហួសកាលបរិច្ឆេទជាដើម។

លោកបានថ្លែងថា វិស័យម្ហូបអាហារ ត្រូវបានកើនឡើងទៅតាមកំណើន ប្រជាពលរដ្ឋ តែក៏ត្រូវប្រុងប្រយ័ត្ននូវម្ហូបអាហារ ដែលមិនមាន អនុលោមភាព សម្រាប់សុខភាព របស់ប្រជាពលរដ្ឋផងដែរ ។

ក្នុងកិច្ចត្រួតពិនិត្យខាងលើនេះគេឃើញ ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារបានសម្តែងនូវទឹកចិត្តរីករាយសាទរ និងគាំទ្រ ចំពោះសកម្មភាពរបស់មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ ដើម្បីការពារសុខមាលភាព និងការពារផលប្រយោជន៍ សេដ្ឋកិច្ចរបស់ ពួកគាត់ផងដែរ និងបានសំណូមពរឱ្យសមត្ថកិច្ចពាក់ព័ន្ធនឹងការត្រួតពិនិត្យម្ហូបអាហារ ជួយទប់ស្តាត់ទំនិញខូចគុណភាព ឬមិនមានបទប្បញ្ញត្តិបច្ចេកទេស នាំចូលមកដែលអាច ប៉ះពាល់ជាយថាហេតុ ដល់សុខភាពយើងទាំងអស់គ្នា៕